Denza ដែលជាស្លាកយីហោរថយន្តអគ្គិសនីប្រណីតរបស់ BYD បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Supercar ស៊េរីថ្មីម៉ូដែល Denza Z នៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ដែលប្រារព្ធធ្វើឡើងនៅចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ។ ហើយនេះពេលនេះ បើតាមរបាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញថា ការបញ្ជាទិញរថយន្ត Denza Z នៅលើទីផ្សារសកលមានចំនួន 1,000 គ្រឿងនៅក្នុងរយះពេល 24 ម៉ោងដំបូងនៃការបើកទទួលការបញ្ជាទិញ ហើយរថយន្ត Supercar ថ្មីនេះ ត្រូវបាន BYD Denza ធ្វើការប្រកាសចេញលក់មុន “Pre-sale” នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 13 ខែកក្តដា ថ្មីៗនេះរួចហើយដែរ។

Denza Z គឺស្ថិតក្នុងលំដាប់ទីផ្សាររថយន្តថ្នាក់ខ្ពស់ ឬ High-end market ដោយការចេញលក់ Pre-sale នៅក្នុងប្រទេសចិនរថយន្តនេះ មានតម្លៃខ្ទង់ប្រហែល $100,000 សម្រាប់ម៉ូដែល Couper Version។ ចំនែកម៉ូដែល Spider (Convertible) និង Racing (Track) មានតម្លៃប្រហែល $114,700 និង $173,500។ ដោយឡែកសម្រាប់ម៉ូដែលត្រៀមចេញលក់នៅទីផ្សារអឺរ៉ុប គឺមានតម្លៃចាប់ពីខ្ទង់ប្រហែល $184,800។ រថយន្តអគ្គិសនី Supercar ថ្មីនេះ មានបំពាក់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីបីគ្រាប់ផលិតកម្លាំងបានសរុបដល់ 1,180kW ឬ 1,582 សេះ ហើយម៉ូដែល Denza Z Racing អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 1.96 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 350km/h។

Denza Z Series គឺជារថយន្តអគ្គិសនីប្រភេទ Supercar ដំបូងគេដែលប្រើប្រាស់ប្រព័ន្ធស្តង់ដារជើងក្រោម e3 Platform របស់ BYD ជាមួយប្រព័ន្ធដំណើរការ all-wheel-drive ភ្ជាប់មកជាមួយប្រព័ន្ធប៊ូមទំនើប DiSus-M Suspension ដែលជាប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវៃបំផុតជាមួយល្បឿនគណនាឧបសគ្គលឿនបំផុតមិនដល់ 10 វិនាទីផង។ បន្ថែមពីនេះ នៅមានប្រព័ន្ធបើកបរ 15-in-1 electronic drive រួមនឹងប្រព័ន្ធបច្ចេកវិទ្យាកញ្ចប់ថ្ម CTB blade battery ជំនាន់ទីពីរ ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតដោយការសាកពី 10% ទៅ 70% ចាយពេលត្រឹម 5 នាទីប៉ុណ្ណោះ និងគាំទ្រកម្លាំងសាក peak-power ដល់ទៅ 1,500kW។

បើតាមការបញ្ជាក់ពីប្រធានផ្នែករចនារ “Global Design Director” របស់ BYD លោក Wolfgang Egger បានឲ្យដឹងថា Denza Z ត្រូវបានរចនាឡើងដោយប្រើភាសារចនាបថ “Pure Emotion” ដែលបង្ហាញពីរូបរាងបែប low-slung, wide-body silhouette និង Carbon fibre aerodynamic kits។ Denza បានប្រកាសថា Z នឹងធ្វើដំណើរទៅកាន់ទីលានប្រណាំងរថយន្ត Nürburgring Nordschleife នារដូវស្លឹកឈើជ្រុះនេះ ដើម្បីបំបែកកំណត់ត្រាល្បឿន “top-tier lap”។ 

ស្របពេលជាមួយគ្នានេះ BYD ក៏បានប្រកាសបញ្ជាក់ថា ក្រុមហ៊ុនខ្លួនបានពង្រីកហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ទីផ្សារសកល ដោយមានគម្រោងក្នុងការបង្កើតស្ថានីយ៍សាកភ្លើងល្បឿនលឿនបំផុត “Fast-charging station” នៅទីផ្សារសលក់ឲ្យបានយ៉ាងហោចណាស់ក៏ 6,000 ស្ថានីយ៍ដែរ គិតចាប់ពីខែមីនាឆ្នាំ 2026 ដល់ខែមីនាឆ្នាំ 2027 ខាងមុខ (1-ឆ្នាំ) ក្នុងនៅទីផ្សារអឺរ៉ុបចំនួន 300 ស្ថានីយ៍, នៅអាមេរិកចំនួន 2,000 ស្ថានីយ៍ និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិចចំនួន 1,000 ស្ថានីយ៍៕