
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវថេប្លេតជំនាន់ថ្មី OPPO Pad 3 នៅក្នុងពេលឆាប់ៗនេះហើយ ដោយម៉ូដែលនេះនឹងមានរូបរាងដូចទៅនឹង OnePlus Pad Pro អញ្ចឹង។យោងតាមការបែកធ្លាយមួយចេញពី Digital Chat Station បានអោយដឹងថា ថេប្លេត OPPO Pad 3 ថ្មីនេះ គឺមិនត្រឹមតែមានការឌីស្សាញដូចគ្នានោះទេ ប៉ុន្តែថេប្លេតនេះ ក៏នឹងមានលក្ខណៈសម្បត្តិខាងនៅក្នុងជាច្រើនដូចទៅនឹងថេប្លេត OnePlus មុនដែរ។
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ថេប្លេតជំនាន់ថ្មីនេះ គឺមានជម្រើសពណ៌មាស និងពណ៌ខៀវ ដែលបាបបន្ថែមពីពណ៌ប្រផេះ និងបៃតង ដែលធ្លាប់មាននៅលើថេប្លេត OnePlus Pad Pro ដែលបង្ហាញខ្លួនកន្លងមក។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់ថេប្លេតនេះ គឺមានអេក្រង់ទំហំ 12.1-អ៊ីង កម្រិត 3K LCD គាំទ្រជាមួយនឹងខ្នាតបង្ហាញចេញបាន 7:5 Aspect Ratio ល្បឿន 144Hz refresh rate ហើយនិងមានពន្លឺអេក្រង់ 900nits។ អេក្រង់ថេប្លេតនេះ ក៏នឹងមានការទ្រទ្រង់នូវប៊ិច OPPO Stylus ជំនាន់ទី 2 ផងដែរ។

ថេប្លេតនេះដំណើរការនៅលើបន្ទះឈី Snapdragon 8 Gen 3 និងមានតួខ្លួនអាលុយមីញ៉ូម។ ថេប្លេតនេះ គឺមានរ៉េម 8GB, 12GB និង 16GB (LPDDR5X) គាំទ្រជាមួយនឹងម៉េមូរីទំហំ 512GB (UFS 4.0)។ ថេប្លេតនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ហើយមានកាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយនឹងអំពូលភ្លើង LED flash ហើយនិងមានកាមេរ៉ាខាងមុខទំហំ 8MP។ បន្ថែមពីនេះ នៅលើថេប្លេតនេះ ក៏មានការតម្លើងនូវ Quad Speakers, Wi-Fi 6, Bluetooth 5.3, USB Type-C, សិនស័រស្កេនក្រយ៉ៅដៃនៅចំហៀង និងថាមពលថ្មទំហំ 9510mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យា 67W SuperVOOC fast charging។

កាលពីពេលមុននេះ Digital Chat Station បានទម្លាយថា ថេប្លេតថ្មីនេះ នឹងមានបំពាក់នូវ NFC coil និងប្រព័ន្ធ Cross-Terminal File Management ថែមទៀតផង។ បន្ថែមពីនេះ ថេប្លេតនេះ ក៏មានទ្រទ្រង់នូវ Communication Sharing 2.0 ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ចែករំលែកនូវ 5G Connectivity, ការឆ្លើយការខល Dual-Sim ការទទួលសារ SMS និងជាច្រើនទៀត។ តាមការទម្លាយនៅលើ 3C Platform នោះ ថេប្លេតនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះ៕
