
ថ្មីៗនេះស្ថាប័នធ្វើតេស្តសមត្ថភាពរថយន្តរបស់ប្រទេសចិន Chinese Light-Duty Vehicle Test Cycle ហៅកាត់ថា CLTC បានធ្វើការបង្ហាញទិន្នន័យធ្វើតេស្តរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Sedan ម៉ូដែល Lingxi L ដែលជាម៉ាករថយន្តបង្កើតឡើងពីកិច្ចសហការរវាងក្រុមហ៊ុនផលិតរបស់ចិន Dongfeng និងក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda។ បើតាមទិន្នន័យធ្វើតេស្តបានបង្ហាញថា Dongfeng-Honda Lingxi L មានសមត្ថភាពអាចបើកបរបានចំងាយផ្លូវដល់ 520km នៅពេលសាកថាមពលអាគុយមួយពេញម្តង។
Lingxi L ដែលជាប្រភេទរថយន្តអគ្គិសនី Sedan នឹងបង្ហាញវត្តមាននៅក្នុងឆមាសទីពីរក្នុងឆ្នាំនេះ ហើយគោលដៅទីផ្សារនៃរថយន្ត Sedan EV ថ្មីនេះ គឺជាក្រុមយុវជនតែម្តង។ Lingxi គឺជាម៉ាកយីហោរថយន្តថ្មីមួយដែលកកើតឡើងពីកិច្ចសហការគ្នារវាងក្រុមហ៊ុន Dongfeng និង Honda ដែលត្រូវបានប្រកាសជាផ្លូវការណ៍កាលពីខែកញ្ញា ឆ្នាំ 2023។ ហើយ Lingxi L គឺជារថយន្តអគ្គិសនីដំបូងដែលកើតចេញពីកិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរ។ ហើយកាលពីពេលថ្មីៗនេះ Dongfeng-Honda បានប្រកាសថា នៅឆ្នាំ 2025 សមាមាត្រនៃទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននឹងឈានដល់ជាង 50% ហើយខ្លួនក៏នឹងលែងដាក់លក់រថយន្តដែលប្រើម៉ាស៊ីនសាំងស៊េរីថ្មីនៅបន្ទាប់ពីឆ្នាំ 2027។

Lingxi L មានការឌីស្សាញផ្នែកខាងក្រៅរំលេចឡើងពីរពណ៌ ជាមួយផ្នែកខាងមុខរថយន្តរចនាបែបបិទជិត closed front face និងរំលេចដោយអំពូលចង្កៀងប្រភេទ LED រចនាបែប vertical LED Light Strip ដែលមានស្លាកសញ្ញាក្រុមហ៊ុនស្ថិតនៅកណ្តាល។ ចំនែកនៅផ្នែកខាងក្រោយត្រូវបានរចនាឡើងជាមួយចង្កៀងពណ៌ក្រហមដុតភ្លើច្បាស់ជាប្រភេទ LED កាត់ពីម្ខាងទៅម្ខាង ដោយរចនាបថផ្នែកខាងក្រោយនេះត្រូវបានក្រុមហ៊ុនហៅថា Ducktail។ នៅផ្នែកចំហៀងវិញ ឃើញមានការឌីស្សាញដៃទ្វារលឹបចូលក្នុងហៅថា Hidden door handle ជាមួយកញ្ចក់មើលក្រោយជាប្រព័ន្ធកាមេរ៉ាឌីជីថល។
Lingxi L មានប្រវែង 4,830mm X ទទឹង 1,845mm X កម្ពស់ 1,503 mm, ជាមួយគម្លាតរវាងកង់ខាងមុខទៅកង់ក្រោយ 2,731mm។ រថយន្ត Sedan ថ្មីនេះបំពាក់យ៉ាន់កង់ទំហំ 19-inch រចនាជាមួយកាំប្រាំដ៏ស្រស់ស្អាត និងប្រើសម្បកកង់ខ្នាត 245/40 R19។ បើតាមការបញ្ជាក់នៅលើវិញ្ញាណបនបត្ររបស់ស្ថាប័ន MIIT របស់ចិន Lingxi L បំពាក់កញ្ចប់អាគុយប្រភេទ lithium iron phosphate battery pack ទំហំ 59.22kWh ដែលសាកថាមពលថ្មមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 520km នេះ បើតាមការធ្វើតេស្តដោយស្ថាប័ន CLTC។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 160kW Front Electric Motor ដែលអាចជាន់ល្បឿនលឿនបំផុត (Top-Speed) បានដល់ 160km/h។

នៅផ្នែកខាងក្នុងរបស់ Lingxi L បានការឌីស្សាញឡើងបែបប្រណិតទំនើបនិយមតែម្តង ដោយក្នុងនោះមានការឌីស្សាញដៃចង្កូតរាងមូល និងមានអេក្រង់ចំនួន 5 ដោយក្នុងនោះរួមមានអេក្រង់ Full-LCD Instrument, អេក្រង់កម្សាន្តនៅចំកណ្តាល, អេក្រង់កម្សាន្តស្រាប់អ្នករួមដំណើរខាងមុខ Co-pilot Entertainment Screen និងអេក្រង់សម្រាប់មើលកាមេរ៉ាក្រោយសងខាង។ លើសពីនេះទៅទៀត Lingxi L ក៏មាននូវមុខងារ Head-up Display សម្រាប់បង្ហាញព័ត៌មានមួយចំនួននៅលើកញ្ចក់ខាងមុខដូចល្បឿនរថយន្ត មុខងារនាំផ្លូវ Navigation និងស្លាកសញ្ញាចរាចរជាដើម។

បន្ថែមពីនេះ Lingxi L មានភ្ជាប់មកជាមួយពិសេសៗដូចជា មុខងារវ៉ាស់សំពាធខ្យល់កង់ ( tire pressure monitoring), មុខងារសំគាល់មុខ(facial recognition login), ប្រព័ន្ធភ្លើង ambient lighting នៅតាមកាប៊ីន, ប្រព័ន្ធចូលចំណត់ស្វ័យប្រវត្តិ (autonomous parking) និងមុខងារកំនត់ល្បឿនតាមរថយន្តខាងមុខ (adaptive cruise control) ជាដើម៕
