
យោងតាមរបាយការណ៌ថ្មីមួយ បានបង្ហាញថា ស្មាតហ្វូអាចបត់បានចំនួន 4.2 លានគ្រឿង ត្រូវបាននាំចេញនៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 កន្លងទៅនេះ ដែលតួរលេខនេះ មានការកើនឡើងចំនួន 33% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ 2022 ។ ប៉ុន្តែបើតាមអ្នកវិភាគនៅស្ថាប័ន Display Supply Chain Consultants បានព្យាករណ៍ថា នៅក្នុងឆ្នាំថ្មីនេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់ អាចនឹងមានការផ្លាស់ប្តូរ។
សម្រាប់ស្មាតហ្វូនអេក្រង់បត់ដែលមានការពេញនិយមជាងគេមានចំនួន 5 រួមមានដូចជា Samsung Galaxy Z Flip5, Huawei Mate X3, Honor Magic Vs2, Galaxy Z Fold5 និង OPPO Find N3 Flip។ ក្រឡេកមកមើលនៅក្នុងបញ្ជីនៃស្មាតហ្វូនចំនួន 10 ម៉ូដែលវិញ ក្រុមហ៊ុន Samsung មាន 4 ម៉ូដែល និងក្រុមហ៊ុន Honor មានពី 2 ម៉ូដែល ខណៈដែល ក្រុមហ៊ុន OPPO មាន 2 ម៉ូដែល និង 1 ម៉ូដែលទៀត គឺពីក្រុមហ៊ុន Huawei / Xiaomi។
គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 នេះ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនដែលនាំមុខគេនៅលើទីផ្សារ ទោះបីជាការលក់ទៅលើស្មាតហ្វូន Z Flip5 និង Z Fold5 ទាបជាងការរំពឹងទុកក៏ដោយ។ សម្រាប់ពេលនេះ ស្មាតហ្វូន Z-series ក៏មានភាពស្រពិចស្រពិលផងដែរ ខណៈពេលដែលស្មាតហ្វូន Z Flip6 និង Z Fold6 គ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងខែកក្កដាស្របគ្នាជាមួយនឹងព្រឹត្តិការណ៍ Olympics ថែមទៀតផង។
ទាក់ទងនឹងព័ត៌មាននេះ យោងតាមស្ថាប័ន DSCC នេះ បានរំពឹងថា ក្រុមហ៊ុន Huawei អាចវ៉ាដាច់ទៅលើក្រុមហ៊ុន Samsung ជាលើកដំបូងបំផុត ដោយសារតែវត្តមានរបប់ Huawei Mate X5 និង Huawei Pocket 2។ ការកើនឡើងរបស់ក្រុមហ៊ុន Huawei គឺតាមរយៈការជម្រុញនៃទីផ្សារស្មាតហ្វូនបត់បានដែលមានការកើនឡើងទ្វេរដងនៅក្នុងត្រីមាសទី 1 បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Huawei បានសម្រេចប្រើប្រាស់នូវអេក្រង់ BOE ដែលរឿងនេះ ក៏បានអនុញ្ញាតអោយក្រុមហ៊ុន BOE អាចឈ្នះទៅលើក្រុមហ៊ុន Samsung Display ផងដែរ។

សូមជំរាបថា ព័ត៌មានខាងលើនេះ គ្រាន់តែជាការព្យាករណ៍បណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុននាំមុខគេវិញ បន្ទាប់ពីការប្រកាសបង្ហាញវត្តមាននៃស្មាតហ្វូន Galaxy Z Flip6 និង Z Fold6។ DSCC ជឿជាក់ថា ស្មាតហ្វូនបត់បាននេះ នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការជម្រុញអោយក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងឆ្នាំ 2024 នេះ។ ក្រុមហ៊ុន Motorola និង Honor គ្រោងនឹងបញ្ចេញនូវម៉ូដែលថ្មីៗរបស់ខ្លួននៅក្នុងឆ្នាំ 2024 នេះផងដែរ៕
