
Galaxy Z Fold 6 ដែលជាស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីក្រុមហ៊ុន Samsung បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទៅលើសមត្ថភាពកាមេរ៉ាថតរូបនិងវីដេអូ ក្នុងចំណោមស្មាតហ្វូនបត់បានទាំងអស់ ដែលមាននៅលើទីផ្សារ នេះបើតាមការបង្ហាញពីស្ថាប័ន DxOMark។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ អាចយកឈ្នះទៅលើស្មាតហ្វូនអេក្រង់បត់បាន Pixel Fold ទៅលើការ Zoom បើទោះបីជាស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Google មានកាមេរ៉ា Telephoto កម្រិតខ្ពស់ក៏ដោយ។
បើមើលទៅលើកាមេរ៉ានោះ ស្ថាប័ន DxOMark បានដាក់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 នៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បានជាច្រើនទៀត និងចំណាត់ថ្នាក់លេខរៀងទី 45 នៅក្នុងទីផ្សារសកល។ កាមេរ៉ានេះ គឺមានពិន្ទុ 133 ដែលដូចទៅនឹងស្មាតហ្វូនជាច្រើនទៀត ដូចជា iPhone 14, iPhone 14 Plus, Pixel 7a, Galaxy S24 និង S24+ និង Galaxy S23 និង S23+។

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ គឺមានពិន្ទុចំនួន 135 នៅក្នុងការ Zoom ដែលមានកម្រិតខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បាន Google Pixel Fold ដែលមានពិន្ទុ 117។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ មានកាមេរ៉ាទំហំ 10MP Telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 3x Optical Zoom ខណៈពេលដែលស្មាតហ្វូនអេក្រង់បត់បាន Pixel Fold នេះ មានកាមេរ៉ា 10.8MP Telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 5x Optical Zoom។ និយាយពីកាមេរ៉ា Telephoto របស់ស្មាតហ្វូនអេក្រង់បត់បាន Fold 6 ក៏អាចយកឈ្នះទៅលើ Google ផងដេរ។

សម្រាប់លក្ខណៈពិសេសនៅលើកាមេរ៉ាស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះគឺមាន Wide Dynamic Range និង Exposure ល្អជាមួយនឹងការថត Noise តិចបំផុត ក៏ដូចជាថតរូបភាព Bokeh ការថតវីដេអូ Stabilization ប្រកបដោយប្រសិទ្ធិភាព ពណ៌ច្បាស់នៅក្នុងការថតវីដេអូ និងលម្អិតច្បាស់បំផុត៕
