
នៅពេលនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមជជែកដោយបើកចំហរអំពីបន្ទះឈីប 2nm ដំបូងបំផុតរបស់ខ្លួន ហើយក្រុមហ៊ុនក៏បានធ្វើរឿងដ៏ភ្ញាក់ផ្អើលផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយ មានគោលដៅក្នុងការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះសម្រាប់ឆ្នាំ 2026 ខាងមុខនេះ នឹងចាប់ផ្តើមពីវត្តមានស្មាតហ្វូន Galaxy S26 series របស់ខ្លួនដែលលក់នៅលើទីផ្សារអ៊ឺរ៉ុប។
គិតមកទល់ពេលនេះ គឺអស់រយៈពេលជាច្រើនឆ្នាំហើយ ដែលបន្ទះឈីប Exynos របស់ក្រុមហ៊ុន Samsung នៅមិនទាន់អាចបំពេញនូវតម្រូវការសម្រាប់ទីផ្សារស្មាតហ្វូន Flagship ជាសកលបាន។ អតិថិជននៅខាងប៉ែកអ៊ឺរ៉ុបភាគច្រើន គឺទទួលបានស្មាតហ្វូនដែលមានបន្ទះឈីបនៅមានកម្រិតដែលមិនទាន់អាចដូចទៅនឹងបន្ទះឈីប Snapdragon ដែលប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែសម្រាប់ឆ្នាំថ្មីនេះ នឹងមានការផ្លាស់ប្តូរជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S26 និង S26+ ហើយ។ ស្មាតហ្វូនទាំង 2 ម៉ូដែលនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 ខណៈពេលដែលស្មាតហ្វូន S26 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 8 Elite Gen 5 សម្រាប់ទីផ្សារសកល។
ក្រុមហ៊ុន Samsung មានភាពជឿជាក់សម្រាប់យុទ្ធសាស្រ្តថ្មីនេះ។ នៅក្នុងការអាប់ដេតទៅលើរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់គាត់ ក្រុមហ៊ុនមានគោលដៅប្រើប្រាស់នូវបន្ទះឈីប 2nm Gate-All-Around (GAA) ដែលមានការបង្កើនទៅលើប្រសិទ្ធិភាពដល់ទៅ 8% និងកម្លាំងម៉ាស៊ីនខ្លាំងជាងបន្ទះឈីបដែលដំណើរការ 3nm ដល់ទៅ 5% ជាពិសេសវាមានទំហំតូចជាងមុនដល់ទៅ 5% ផងដែរ។ ក្រុមហ៊ុន Samsung បាននិយាយថា សម្រាប់បន្ទះឈីប Exynos 2600 អាចនឹងមានអត្រានៃលទ្ធផល (yield rate) ដល់ទៅ 60% សម្រាប់ការចាប់ផ្តើមទៅលើការផលិត ជាពិសេស ក្រុមហ៊ុន Samsung អាចនឹងចំណេញប្រាក់បានដល់ទៅ $20–$30 ក្នុងមួយគ្រឿង បើធៀបជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon នេះ។

បើមើលទៅលើបន្ទះឈីប Exynos ក៏មានការពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ។ ជាពិសេសក្រុមហ៊ុន Qualcomm និងApple ក៏ប្រឹងប្រែងខ្លាំងក្លាក្នុងការបង្កើនទៅលើសមត្ថភាពនៃរចនាសម្ព័ន្ធនៃ CPU ទៅលើបន្ទះឈីបរបស់ខ្លួន។ ក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវ Lumex Core ដែលជាការឌីស្សាញរបស់ក្រុមហ៊ុន ARM ។ ខណៈដែលវត្តមានស្មាតហ្វូន Galaxy S26 ជិតបង្ហាញខ្លួនហើយនោះ ការប្រើប្រាស់នូវបន្ទះឈីប 2nm នេះ អាចនឹងជួយជម្រុញទៅលើការលក់ និងបង្កើនការចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់ផងដែរនៅជុំវិញពិភពលោក៕
