
ក្រុមហ៊ុនផលិតរថយន្តស័្ពរប្រណិតម៉ាកល្បីបំផុតនៅលើលោករបស់អ៊ីតាលី Ferrari បានប្រកាសជាផ្លូវការណ៍ ខ្លួនបានត្រៀមខ្លួនក្នុងការប្រកាសចេញរថយន្តដំណើរករដោយថាមពលអគ្គិសនីដំបូងរបស់ខ្លួននៅចុងឆ្នាំ 2025 ហើយការនាំចេញអាចធ្វើឡើងនៅក្នុងឆ្នាំ 2026។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺត្រង់ថា រថយន្តអគ្គិសនីដំបូងរបស់ Ferrari ត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃខ្ទង់ជាងកន្លះលានដុល្លារអាមេរិក (ខ្ទង់ $537,000) ហើយរថយន្តអគ្គិសនីម៉ូដែលដំបូងរបស់ Ferrari នឹងផលិតឡើងក្នុងចំនួនមានកំនត់ប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានចចាមអារ៉ាម បាននិយាយថា Ferrari ក៏បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីម៉ូដែលទីពីរផងដែរក្នុងពេលនេះ។
ការផ្តោតសំខាន់នៅតែលើការរក្សាអត្តសញ្ញាណនៃតម្លៃរបស់ម៉ាកយីហោរបស់ស្ព័រប្រណិតរបស់អ៊ីតាលីនេះ ទោះបីជាបច្ចុប្បន្នឧស្សាហកម្មរថយន្តបាននឹងកំពុងធ្វើការវិវត្តន៍ទៅកាន់យុគសម័យរថយន្តដំណើរការដោយថាមពលអគ្គិសនីក៏ដោយ។ ចំនួនផលិតកម្មនៃរថយន្តអគ្គិសនីរបស់ Ferrariត្រូវបានគេរំពឹងថាអាចនឹងមានចំនួនប្រមាណ 20,000 គ្រឿងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយរថយន្តអគ្គិសនីក្រុមហ៊ុននេះ ត្រូវបានគេព្យាករណ៍ថានឹងមានចំនួនប្រមាណ 5% នៃការលក់រថយន្តសរុបរបស់ Ferrari នៅឆ្នាំ 2026 ហើយអាចនឹងកើនឡើងដល់ 40% នៅឆ្នាំ 2030។

ការផ្លាស់ប្តូរឆ្ពោះទៅរកយុគសម័យរថយន្តអគ្គិសនីនេះ បានកើតឡើងស្របនឹងការបើកដំណើរការរោងចក្រថ្មីនៅទីក្រុង Maranello កាលពីពេលថ្មីៗនេះ។ ដោយរោងចក្រថ្មីនេះ បានបង្ហាញអំពីការកើនឡើងនៃសមត្ថភាពផលិតរថយន្តរបស់ Ferrari ដោយមានការរំពឹងទុកខ្ពស់ដែលរំពឹងថានឹងត្រូវបានបង្ហាញនៅចុងឆ្នាំនេះ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Ferrari គឺជាក្រុមហ៊ុនផលិតរថយន្តបែបស្ព័រដំណើរការដោយប្រព័ន្ធចំហេះក្នុង ឬ ICE ដែលមានអនុភាពខ្លាំងក្លា និងជាម៉ាកយីហោរថយន្តដែលមានតម្លៃថ្លៃ និងទំនើបបំផុត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ Ferrari ក៏ទើបតែបានបញ្ចេញរថយន្តស្ព័រស៊េរីថ្មីម៉ូដែល Ferrari V12 Cilindri ដែលបំពាក់នៅម៉ាស៊ីនធំទំហំ 12 ស៊ីឡាំង មានកំលាំង 819 សេះ និងកំលាំងរមូល 678Nm ដំណើរការដោយប្រអប់លេខ 8 វគ្គ (DCT)។ Ferrari V12 Cilindri មានជម្រើសពីរ Option គឺប្រភេទដំបូលធម្មតា (Coupe) និងដំបូលបើក (Spider) ហើយនិងមានតម្លៃចាប់ពីខ្ទង់ជាង 42 ម៉ឺន ទៅដល់ជាង 46 ម៉ឺនដុល្លារអាមេរិកទៅតាមជម្រើស Options នីមួយៗ៕
