
OPPO Find N5 ដែលជាស្មាតហ្វូនបត់បានជំនាន់ថ្មី បានបង្កើតនូវព័ត៌មានរំភើបៗជាច្រើន ខណៈពេលដែលរបាយការណ៍ជាច្រើនកន្លងមក ក៏បានទម្លាយថាស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2025 នេះហើយ ដោយម៉ូដែលនេះ ក៏នឹងមានការបង្ហាញនូវបច្ចេកវិទ្យាឆ្នៃប្រឌិតជាច្រើនថែមទៀតផង។ បើតាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន Find N5 នឹងមានការផ្លាស់ប្តូរជាច្រើនទៅលើតួខ្លួន។ ស្មាតហ្វូនថ្មីនេះនឹងមានការឌីស្សាញរូបរាងស្តើង និងមុខងារកម្រិតខ្ពស់ជាច្រើននោះ ស្មាតហ្វូន Find N5 នេះ អាចយកឈ្នះទៅលើស្មាតហ្វូនម៉ូដែលជំនាន់មុនរបស់ខ្លួនថែមទៀតផង។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find N5 នេះ នឹងមានតួខ្លួនទីតាញ៉ូមដែលធ្វើអោយស្មាតហ្វូននេះមានភាពធន់ និងស្រាលក្នុងការប្រើប្រាស់។ ការប្រើប្រាស់នូវសមាសភាគប្រណិតនេះ អាចធ្វើអោយស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 9.2mm នៅពេលដែលវាបត់ដែលវាអាចយកឈ្នះទៅលើស្មាតហ្វូនបត់បានស្លីមបំផុតរបស់ពិភពលោកគឺ Honor Magic V3 ថែមទៀតផង។
របាយការណ៍ដដែលនេះបានបន្តថា ស្មាតហ្វូន Find N5 នេះ នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតដែលមានបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ អ្នកទម្លាយ Smart Pikachu បានអះអាងនៅលើ Weibo ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មជិត 6000mAh ដែលល្អក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wireless Charging និង Satellite Communication ផងដែរ។ ស្មាតហ្វូននេះក៏បំពាក់នូវ IPX8 សម្រាប់ការពារការជ្រាបទឹកផងដែរ។

ស្មាតហ្វូន Find N5 នេះ គឹមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមាន Periscope Telephoto lens សហការជាមួយនឹងក្រុមហ៊ុន Hasselblad។ អេក្រង់បត់បានខាងក្នុងរបស់ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ 2K Resolution។ ស្មាតហ្វូន OPPO Find N5 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះ ហើយវាអាចប្រជែងបានជាមួយនឹងស្មាតហ្វូន Vivo X Fold 4, Xiaomi Mix Fold 5 និង Samsung Galaxy Fold 7 ដែលនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឬទី 3 ឆ្នាំ 2025 ខាងមុខនេះ៕
