
នេះជាឡានអគ្គិសនីថ្មីរបស់ Nio ដែលមានឈ្មោះថា Firefly EV ទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសចិន។ សូមបញ្ជាក់ឲ្យដឹងដែរថា Firefly គឺជាប្រេនឡានអគ្គិសនីថ្មី ដែលស្ថិតនៅក្រោម ក្រុមហ៊ុនផលិតឡានចិន Nio ខណៈឡានអគ្គិសនីថ្មីនេះ ជាប្រភេទតួខ្លួន Hatchback និង គ្រោងចេញលក់នៅលើទីផ្សារអឺរ៉ុប, អាមេរិកឡាទីន និង អាស៊ីអាគ្នេយ៍ ផងដែរ។
អ្វីដែលជាចំណុចពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ឡានអគ្គិសនីមួយនេះ គឺ ការឌីហ្សាញរូបរាងរបស់វាតែម្តង ជាពិសេសនោះគឺសំណុំចង្កៀងមុខ និងស្តុបក្រោយរបស់វា ដែលរចនាបែបកង 3 ស្រដៀងទៅនឹងកាមេរ៉ាផ្នែកខាងក្រោយ របស់ iPhone ដែរ។

មិនតែប៉ុណ្ណោះ តួឡានទាំងមូល មានភាពស្រដៀងគ្នាខ្លាំង ទៅនឹងឡានអគ្គិសនី Honda e ជាមួយនឹងការហាយឡាយដំបូលពណ៌ខ្មៅ និង ដៃទ្វារលិចចេញចូលក្នុងតួខ្លួនឡាន ទៀតផង។ គួរឲ្យដឹងដែរថា អ្នករចនារូបរាងឡាន Firefly EV គឺជាអតីតអ្នកឌីហ្សាញឡាននៅ BWM និង Ford ដែលមានឈ្មោះថា Kris Tomasson។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បានបង្ហាញឲ្យដឹងនូវព័ត៌មានលម្អិតអំពី សមត្ថភាព និងទំហំអាគុយ ក៏ដូចជា ចម្ងាយបើកបររបស់វា នៅពេលសាកភ្លើងពេញ ឡើយ ប៉ុន្តែវានឹងអនុញ្ញាតឲ្យដោះដូរអាគុយបាន ដូចឡានអគ្គិសនី Nio ដែរ។

យ៉ាងណាមិញ អ្វីដែលក្រុមហ៊ុនបានឲ្យដឹងនោះ គឺតម្លៃរបស់វា ព្រោះ Firefly EV នេះ ត្រូវបានដាក់ឲ្យបញ្ជាទិញ នៅក្នុងប្រទេសចិន ក្នុងតម្លៃត្រឹមតែ $20,000 ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ Nio ចង់ផលិតឡាន Firefly EV ដើម្បីដាក់លក់នៅលើទីផ្សារ សរុបចំនួន 25 ប្រទេស ត្រឹមចុងឆ្នាំ 2025 នេះទៀតផង។
គួរបញ្ជាក់ឲ្យដឹងដែរថា ឡានអគ្គិសនីមួយនេះ ត្រូវបានឌីហ្សាញឡើងដើម្បីទទួលបានចំណាត់ថ្នាក់ ផ្នែកសុវត្ថិភាព ផ្កាយ 5 ពីការធ្វើតេស្តរបស់ C-NCAP និង Euro-NCAP ផងដែរ តាមរយៈការប្រើប្រាស់គ្រោងឆ្អឹង ជាប្រភេទដែកថែបដ៏រឹងមាំ និងអាលុយមីញ៉ូម បូករួមទាំង ការបំពាក់ពោងសុវត្ថិភាពចំនួន 9 គ្រាប់ មកស្តង់ដារ ទៀតផង៕
