
ថ្មីៗនេះ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បានបង្ហើបចេញនូវព័ត៌មានថ្មីនៃឡានថ្មី “Model T” នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ នៅថ្ងៃនេះ នៅក្នុងព្រឹត្តិការណ៍មួយនៅរោងចក្រតម្លើងរថយន្ត Louisville, Kentucky លោកនាយកប្រតិបត្តិរូបនេះ បានប្រកាសថា Ford នឹងផលិតរថយន្តដឹកទំនិញធុន តូចដែលមានតម្លៃសមរម្យប្រើប្រាស់ដោយថាមពលអគ្គិសនី។
រថយន្តស៊េរីថ្មីនេះ នឹងធ្វើការផលិតនៅក្នុងរោងចក្រនៅ Kentucky ដែលក្រុមហ៊ុន Ford ក៏នឹងតម្លើងនូវរថយន្តប្រភេទ F-Series Super Duty និងការជម្រុញព្រំដែននៃការផលិតរថយន្តដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រភេទរថយន្តអគ្គិសនី ហើយរថយន្តថ្មីនេះ នឹងរក្សានូវទម្រង់នៃការចូលចិត្តរបស់អ្នកប្រើប្រាស់គឺរថយន្តដឹកទំនិញប្រភេទ Pickup នោះ។ សម្រាប់រថយន្តថ្មីនេះ គឺជារថយន្តប្រភេទដឹកទំនិញធុនតូច។
តាមការបញ្ជាក់របស់លោក Jim Farley បានអោយដឹងថា រថយន្តថ្មីនេះ នឹងទទួលយកនូវការឌីស្សាញស្ទាយ៍ផ្សេងៗគ្នាដែលមានដូចជារថយន្តប្រភេទ SUVs និងរថយន្តប្រភេទ Sedan ។ លោក Farley នឹងបង្កើតនូវភាពអស្ចារ្យមួយទៀតសម្រាប់រថយន្តថ្មីនេះដែលមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្នោះទេ ប៉ុន្តែវាក៏មានកម្លាំងម៉ាស៊ីនខ្លាំងក្លា ជាពិសេសវាអាចផ្តល់ថាមពលអគ្គិសនីដល់ផ្ទះបានក្នុងករណីមានការដាច់ភ្លើងដល់ទៅ 6 ថ្ងៃថែមទៀត។
រថយន្តដឹកទំនិញនេះ នឹងប្រើប្រាស់នូវរចនាបទថ្មីនៃ Universal EV platform របស់ក្រុមហ៊ុនរថយន្ត Ford ដែលមានគោលដៅក្នុងការផ្តល់នូវការសន្សំសំចៃ ភាពឆ្លាតវៃផ្នែកស្ថាបត្យកម្ម និងការផ្លាស់ប្តូរទៅលើការផលិតដើម្បីពន្លឿនដល់ការអភិវឌ្ឍ និងការកាត់បន្ថយទៅលើចំនួនផ្នែកតូចៗ ភាពស្មុគស្មាញ និងទម្ងន់ជាដើម។ សម្រាប់ថាមពលថ្មដែលបំពាក់នៅលើរថយន្តនេះក៏ថ្មីជាងមុន និងមានការរៀបចំជារចនាសម្ព័ន្ធ LFP ក្នុងការកាត់បន្ថយទៅលើថ្លៃទាបជាងមុនផងដែរ។
លោក Doug Field ដែលប្រធានផ្នែករថយន្តអគ្គិសនី ប្រព័ន្ធឌីជីថល និងការឌីស្សាញរបស់ក្រុមហ៊ុន Ford បញ្ជាក់ថា វិធីក្នុងការតម្លើងទៅលើរថយន្តនេះ គឺមានភាពខុសប្លែកពីមុនដែល គ្មានកម្មករណាម្នាក់នឹងត្រូវការធ្វើការតម្លើងនូវ Dashboard ឬផ្នែកធំៗខាងក្នុងតាមរយៈទ្វារបើកចំហរទៀតនោះទេ។

ក្រុមហ៊ុនរថយន្ត Ford កំពុងតែធ្វើការផ្លាស់ប្តូរថ្មីមិនត្រឹមតែទៅលើការឌីស្សាញ ផ្នែកផ្សេងៗនៃរថយន្តនេះប៉ុណ្នោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ស្វែងរកនូវភាពប្រសើរឡើងនៃការឌីស្សាញគ្រប់ផ្នែកទាំងអស់នៃរថយន្តអោយកាន់តែប្រសើរជាងមុន។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Ford មិនទាន់បង្ហាញថាម៉ូឌែលរថយន្ត Model T ស៊េរីថ្មីណាមួយដែលក្រុមហ៊ុននេះនឹងផ្តោត នោះទេ ប៉ុន្តែវាអាចមានរូបរាងជាទម្រង់ណាមួយនៅឡើយទេ៕
