ស្វែងរកពួកយើង:

Ford និង Geely ខិតជិតដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងផ្លាស់ប្តូរបច្ចេកវិទ្យា និងការផលិតរថយន្តអគ្គិសនីនៅប្រទេសអេស្ប៉ាញ

ដោយ

ជុំ ប៉េងលីន

08 ឧសភា 2026 05:08 ល្ងាច

អាន 4 នាទី

Article image
បច្ចុប្បន្ន Ford មានរោងចក្រផលិតរថយន្តដ៏ធំមួយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ ប៉ុន្តែរោងចក្រនេះហាក់មិនមានដំណើរការល្អនោះទេ ដោយសារតែទីតាំងនេះមិនសូវមានការប្រើប្រាស់ ហើយមិនអាចផលិតយានយន្តគ្រប់គ្រាន់ដើម្បីរក្សាប្រាក់ចំណេញឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ Ford បាននឹងកំពុងស្ថិតលើតុការចរចាពិសេសមួយជាមួយ Geely ដែលជាក្រុមហ៊ុនផលិតរថយយន្តដ៏ធំមួយក្នុងប្រទេសចិន និងជាម្ចាស់ក្រុមហ៊ុន Volvo ផងដែរ។ ក្រុមហ៊ុនទាំងពីរចង់ឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងផ្លាស់ប្តូររបៀបដែលរោងចក្រ Valencia ដំណើរការ។ ក្នុងរបាយការណ៍បានបង្ហាញថា Geely អាចនឹងទិញផ្នែកជាក់លាក់មួយនៃរោងចក្រដើម្បីផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួន។

Geely មានការចាប់អារម្មណ៍លើខ្សែសង្វាក់ផលិតកម្ម "Body 3" ក្នុងរោងចក្ររបស់ Ford។ ខ្សែសង្វាក់ផលិតកម្មទាំងនេះ គឺជាកន្លែងដែលរចនាសម្ព័ន្ធសំខាន់ៗនៃយានយន្តត្រូវបានដាក់បញ្ចូលគ្នា។ ខណៈពេលដែលកិច្ចព្រមព្រៀងមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយ Geely បានចាប់ផ្តើមពិភាក្សាជាមួយអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុករួចហើយ ដោយបង្ហាញថា Geely កំពុងពិចារណាក្នុងការផ្លាស់ប្តូរទៅកាន់រោងចក្រនៅអេស្ប៉ាញក្នុងពេលឆាប់ៗនេះ។ ចំនែករថយន្តដែល Geely មានគម្រោងផលិតក្នុងប្រទេសអេស្ប៉ាញក្នុងរោងចក្រ Ford ទំនងជាម៉ូដែល EX2 ជារថយន្ត Compact hatchback EV ដែលទទួលបានជោគជ័យយ៉ាងខ្លាំងរួចទៅហើយនៅលើទីផ្សារ និងជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។

នៅទីផ្សារអឺរ៉ុប Geely ទំនងជានឹងផ្លាស់ប្តូរឈ្មោះ EX2 ទៅជា E2 វិញ។ EX2 ត្រូវបានរចនាឡើងជាជម្រើសមួយដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ដែលចង់ប្តូរទៅរថយន្តអគ្គិសនីដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ Geely ប្រើប្រាស់នូវស្ថាបត្យកម្មគ្រោងឆ្អឹងប្រភេទ GEA ឬ Global Intelligent Electric Architecture សម្រាប់រថយន្តអគ្គិសនីនេះ។ GEA Platform អាចគាំទ្រដល់ការផលិតរថយន្តប្រភេទ Hybrid, Plug-in-hybrid និង BEV។ មានចំណុចគួរឱ្យចាប់អារម្មណ៍មួយចំពោះកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ ដោយ Ford ប្រហែលជាមិនត្រឹមតែផ្តល់កន្លែងសម្រាប់ការផលិតរថយន្តអគ្គិសនីរបស់ Geely នោះទេ Ford ក៏នឹងប្រើប្រាស់វេទិកា GEA របស់ Geely ដើម្បីផលិតរថយន្តម៉ាក Ford ផ្ទាល់ខ្លួនផងដែរ។ ដោយសារតែ ការអភិវឌ្ឍវេទិការថយន្តថ្មីស្រឡាងមួយ ឬ New Platform ត្រូវការចំណាយប្រាក់រាប់ពាន់លានដុល្លារ និងចំណាយពេលច្រើនឆ្នាំ។

Article image
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យារថយន្តរបស់ Geely ក្រុមហ៊ុន Ford អាចចេញលក់ម៉ូដែលថ្មីបានលឿន និងមានតម្លៃទាបជាងមុន។ យុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រធំមួយសម្រាប់ Ford នៅអឺរ៉ុប។ បច្ចុប្បន្ននេះ Ford កំពុងពឹងផ្អែកលើក្រុមហ៊ុនផ្សេងទៀតរួចហើយដូចជា Volkswagenសម្រាប់ជំនួយ និងជម្រុញដល់ការផលិត និងការលក់រថយន្តអគ្គិសនីដូចជា Ford Explorer និង Capri ថ្មី ដែលប្រើប្រាស់ MEB Platform របស់ Volkswagen។ Ford ក៏បានសហការជាមួយ Renault ដើម្បីផលិតរថយន្តអគ្គិសនីតូចៗពីរម៉ូដែលផ្សេងទៀតផងដែរ។ ការធ្វើការជាមួយ Geely អាចជាមធ្យោបាយតែមួយគត់សម្រាប់ Ford ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប ខណៈសន្ទុះទីផ្សារឡានអគ្គិសនីរបស់ប្រទេសចិនដូចជា BYD កំពុងមានឥទ្ធិពលខ្លាំងក្លាបំផុតនៅទីផ្សារអឺរ៉ុបនាពេលបច្ចុប្បន្ន។

សម្រាប់ Geely វិញ គឺមានហេតុផលផ្ទាល់ខ្លួនសម្រាប់ការចង់បានរោងចក្រ Ford នៅប្រទេសអេស្ប៉ាញព្រោះថា នៅឆ្នាំ 2024 សហភាពអឺរ៉ុបបានដាក់ពន្ធយ៉ាងច្រើនលើរថយន្តដែលនាំចូលពីប្រទេសចិន ក្នុងនោះ Geely បានប្រឈមមុខនឹងពន្ធ 18.8% លើរថយន្តនីមួយៗដែលខ្លួនដឹកជញ្ជូនពីប្រទេសចិនចូល ទីផ្សារអឺរ៉ុប។ តាមរយៈការសាងសង់ E2 នៅ Valencia ក្រុមហ៊ុន Geely អាចជៀសវាងពន្ធនេះទាំងស្រុង ដែលធ្វើឱ្យរថយន្តមានតម្លៃថោកជាងបច្ចុប្បន្នសម្រាប់អតិថិជននៅអឺរ៉ុប និងជួយឲ្យ Geely ពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់បានកាន់តែរឹងមាំជាងមុនបន្ថែមទៀត។

Article image
ក្នុងកិច្ចព្រមព្រៀងដ៏សំខាន់នេះ Ford និង Geely ក៏កំពុងពិភាក្សាគ្នាពីរបៀបចែករំលែកបច្ចេកវិទ្យាឆ្លាតវៃឲ្យគ្នាទៅវិញទៅមកផងដែរ ក្នុងនោះរួមបញ្ចូលទាំងប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងឧបករណ៍សុវត្ថិភាពកម្រិតខ្ពស់ដែលជួយអ្នកបើកបរឱ្យស្ថិតនៅក្នុងគន្លងផ្លូវបើកបររបស់ពួកគេជាដើម។ ការចែករំលែកកម្មវិធីសម្រាប់ប្រព័ន្ធទាំងនេះ នឹងជួយក្រុមហ៊ុនទាំងពីរមានលទ្ធភាពក្នុងការសន្សំប្រាក់វិនិយោគលើការស្រាវជ្រាវបានមួយផ្នែកផងដែរ។ Ford ត្រូវបានគេដឹងថា កំពុងសង្ងំបង្កើតវេទិការរថយន្តថ្មីមួយហៅថា "Universal EV Platform" ដែលនឹងគាំទ្រដល់ការផលិតឡានអគ្គិសនីខ្នាតតូច និងមានតម្លៃសមរម្យ។ ហើយការលក់គ្រឿងបន្លាស់ និងផ្នែកខ្លះដែលមិនសូវប្រើប្រាស់នៃរោងចក្រ Valencia អោយ Geely ផ្តល់ឱ្យ Ford នូវទឹកប្រាក់មួយផ្នែកដែលខ្លួនត្រូវការដើម្បីបញ្ចប់គម្រោងទាំងនេះផងដែរ៕
Ford និង Geely ខិតជិតដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងផ្លាស់ប្តូរបច្ចេកវិទ្យា និងការផលិតរថយន្តអគ្គិសនីនៅប្រទេសអេស្ប៉ាញ