
ដូចការសន្យាដោយនៅថ្ងៃនេះក្រុមហ៊ុនផលិតរថយន្ត Changan Ford ក្នុងប្រទេសចិនបានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Mondeo ជាផ្លូវការណ៍។ Ford Mondeo 2026 មានជម្រើសដល់ទៅ 6 ស៊េរីផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $21,200 ដល់ $28,300។ Mondeo គឺជាម៉ាកយីហោផ្តាច់មុខរបស់ Ford នៅក្នុងទីផ្សារប្រទេសចិនដែលរួមសហការផលិតដោយក្រុមហ៊ុនរថយន្តចិន Changan។ ម៉ូដែលនេះ គឺស្ថិតក្នុងអម្បូររថយន្ត mid-size sedan ជាមួយនឹងម៉ូដែល Honda Accord និង Toyota Camry។
សម្រាប់ការឌីស្សាញខាងក្រៅរបស់ Ford Mondeo 2026 មានការកែប្រែផ្នែកខាងមុខ និងការរៀបចំតុបតែងផ្នែកកាប៊ីនខាងក្នុងថ្មីកាន់តែមានភាពប្រណិតទំនើបជាងមុន។ ផ្នែកខាងមុខរបស់ Mondeo 2026 រចនាជាមួយនឹងផ្ទាំងប៉ាណាដែលជាអត្តសញ្ញាណរបស់រថយន្ត Ford និងបណ្តុំចង្កៀងរចនាបែបស្លីមដូចផ្នែកកូនចិន។

Ford Mondeo 2026 មានបណ្តោយខ្លួនប្រវែង 4,935mm/ ទទឹង 1,875mm/ កំពស់ 1,500mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,945mm។ រថយន្ត sedan ថ្មីនេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch/18-inch/ 19-inch ហើយម៉ូដែល Top trim គឺប្រើយ៉ាន់កង់ទំហំ 19-inch ជាមួយសម្បកកង់ខ្នាត 235/45 R19។

ចូលមកក្នុងកាប៊ីនវិញ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ widescreen ដែលមានប្រវែងដល់ទៅ 1 ម៉ែត្រ ទំហំ 27-inch គាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 4K លាតសន្ធឹងនៅលើ Dashboard ហើយអេក្រង់នេះ គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ភ្ជាប់មកជាមួយមុខងារ SYNC+ connectivity system, អាចភ្ជាប់ Apple CarPlay, ប្រព័ន្ធ Quick-start technology រួមទាំងប្រព័ន្ធកាមេរ៉ា 540 ដឺក្រេថែមទៀតផង។ ហើយនៅស្នូលកណ្តាលក៏មានកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ និងកន្លែងដាក់កែវទឹកផងដែរ។

សម្រាប់កម្លាំងម៉ាស៊ីន Ford Mondeo 2026 គឺមានពីរជម្រើស ក្នុងនោះមានជម្រើស 1.5T turbocharged កម្លាំង 140kW និង 144kW ជាមួយកម្លាំងរមួល 263Nm, ជម្រើសម៉ាស៊ីន 2.0T turbocharged កម្លាំង 192kW និងកម្លាំងរមួល 408Nm។ បន្ថែមពីនេះ ក៏មានម៉ូដែល Hybrid ដែលប្រើម៉ាស៊ីន 1.5T hybrid កម្លាំង 140kW ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 96kW និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ E-CVT gearbox។ ចំនែកម៉ូដែលប្រើម៉ាស៊ីនសុទ្ធ គឺភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ។

តម្លៃរបស់ Ford Mondeo 2026 នៅទីផ្សារប្រទេសចិន៖
-Mondeo 1.5T EcoBoost Fashionមានតម្លៃ $21,200
-Mondeo 1.5T EcoBoost Comfortមានតម្លៃ $22,300
-Mondeo 1.5T EcoBoost Luxuryមានតម្លៃ $24,000
-Mondeo 1.5T EcoBoost EHybrid Luxury មានតម្លៃ $26,900
-Mondeo 2.0T EcoBoost Luxuryមានតម្លៃ $25,500
-Mondeo 2.0T EcoBoost Supremeមានតម្លៃ $28,300៕
