ថ្មីៗនេះក្រុមហ៊ុន Ford បានធ្វើការដាក់តាំងបង្ហាញរថយន្ត Fastback-Crossover hybrid  ម៉ូដែលថ្មី Mondeo Sport Edition នៅក្នុងព្រឹត្តិការណ៍ 2026 Chongqing Auto Show ក្នុងប្រទេសចិន។ ហើយនៅពេលនេះ រថយន្ត Fastback-Crossover hybrid ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសដាក់លក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនដោយមានតម្លៃចាប់ពីខ្ទង់ $31,002។ ជាមួយគ្នានេះ Ford Mondeo ក៏មានម៉ូដែលមួយទៀតផងដែរ គឺ SL-Line ដែលមានតម្លៃខ្ទង់ $33,958។

សម្រាប់លក្ខណៈពិសេសរបស់ Ford Mondeo Sport Hybrid គឺត្រូវបានដាក់ឲ្យដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា 2.0T EcoBoost E hybrid system របស់ Ford ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.0-litre turbocharged EcoBoost Engine អាចផលិតកម្លាំងបានដល់ 308 សេះ។ ជំនួសឲ្យការប្រើប្រាស់ប្រព័ន្ធអគ្គិសនីជាចម្បងដើម្បីឲ្យបានភាពស្របច្បាប់ទៅនឹងការអនុលោមនៃច្បាប់ការបំភាយឧស្ម័ន ក្រុមហ៊ុន Ford បានដាក់ប្រព័ន្ធ2.0T EcoBoost E hybrid system ជុំវិញការបង្កើនល្បឿនឲ្យខ្លាំង និងមានការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈទាំងការបើកបរលើផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿន។

បើតាមការធ្វើតេស្តក្រោមស្តង់ដារ WLTC កម្រិតនៃការស៊ីសាំងរបស់ម៉ាស៊ីន 2.0-litre turbocharged EcoBoost Engine របស់ Mondeo Sport គឺប្រមាណជា 5.99L/100km សម្រាប់ការបើកបរក្នុងក្រុង ឬទីប្រជុំជន ខណៈការបើកបរនៅលើល្បឿនលឿន ឬ Highway គឺស៊ីត្រឹម 4.68L/100km។ ជាមួយគ្នានេះដែរបើតាមការធ្វើតេស្តតាមស្តង់ដារបើកបរពី WLTC បង្ហាញថា Ford Mondeo Sport Edition អាចបើកបានចម្ងាយផ្លូវដល់ 915km នៅពេលចាក់សាំងពេញម្តង។ ហើយតាមការបញ្ជាក់ពី Ford វិញបានឲ្យដឹងថា រយះចម្ងាយបើកបរបស់ Mondeo អាចនឹងប្រែប្រួលអាស្រ័យលើគុណភាពប្រេងឥន្ធនៈ ស្ថានភាពផ្លូវបើកបរ ទម្លាប់របស់អ្នកបើកបរ និងលក្ខខណ្ឌប្រតិបត្តិការបើកបរផ្សេងៗ។

Ford Mondeo Sport Hybrid មានតួរខ្លួនប្រវែង 4,920mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,945mm ដែលធ្វើឲ្យរថយន្ត Hybrid នេះស្ថិតក្នុងជួរស្រឡាយរថយន្ត mid-size crossover-fastback។ ជាមួយគ្នានេះ Ford ក៏បានធ្វើការបច្ចុប្បន្នភាពថ្មីទៅលើបច្ចេកវិទ្យាកម្សាន្តរបស់ Mondeo Sport Hybrid ផងដែរ ដោយក្នុងនោះក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យា Sync Max infotainment system ជំនាន់ថ្មី ដែលមានការគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, សមត្ថភាពដំណើរការម៉ាស៊ីនលឿនជាងមុន Fast Startup ក៏ដូចជាគាំទ្រនូវប្រព័ន្ធជំនួយការសំឡេង VA4.0 voice assistant ជំនាន់ទី 4 ជាដើម។

បន្ថែមពីនេះ Ford ក៏បានធ្វើការដំឡើងនូវប្រព័ន្ធកម្រិតកម្រិត 540-degree panoramic camera system នៅលើ Mondeo Sport ផងដែរ ដែលធ្វើឲ្យការប្រើប្រាស់កាន់តែមានសុវត្ថិភាពខ្ពស់ រួមនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយដ៏សម្បូរបែបផ្សេងៗទៀត។

ការបង្ហាញវត្តមាន និងការចេញលក់របស់ Ford Mondeo Sport គឺស្របពេលដែលក្រុមហ៊ុន Ford កំពុងមានការប្រឈមនឹងបរិយាកាសទីផ្សារដ៏លំបាកមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសចិន។ ហើយការមកដល់របស់ Mondeo Sport Edition រំពឹងថា នឹងជួយធ្វើឲ្យស្ថានភាពទីផ្សាររថយន្តរបស់ Ford ក្នុងប្រទេសចិនមានភាពល្អប្រសើរឡើងវិញ៕