ក្រុមហ៊ុន Ford Motor កំពុងធ្វើការលើគម្រោងក្នុងការកាត់បន្ថយតម្លៃឡានអគ្គិសនីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលរបស់អាមេរិកមួយនេះ មានគោលដៅក្នុងការផ្តល់ជូនឡានអគ្គិសនីដែលមានតម្លៃទាបជាង 23,000 ផោន ឬប្រហែល 30,578 ដុល្លារអាមេរិក។ ប្រព័ន្ធគ្រោងឆ្អឹងឡានអគ្គិសនីថ្មី Universal EV Platform ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ford គឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ បន្ទាប់ពីការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 5 ពាន់លានដុល្លារ ឬប្រហែល 3.7 ពាន់លានផោន ទៅក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក។

ជំនាញដំបូងនៃកិច្ចដំណើរការគម្រោងថ្មីនេះ គឺការផលិតឡានអគ្គិសនីប្រភេទ Pickup Truck ខ្នាតមធ្យមទា្វរបួនដែលមានតម្លៃចាប់ពីខ្ទង់ $30,000 នៅឆ្នាំក្រោយនេះ (2027)។ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំជាមួយនឹងការចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុន Ford នៅតែមានទំនុកចិត្តខ្ពស់ថាខ្លួនអាចផ្តល់ជូនរថយន្តថ្មីដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ និងអ្នកគាំទ្រម៉ាកយីហោក្រុមហ៊ុនខ្លួន។ ក្រុមហ៊ុន Ford បាននិយាយថា កម្មវិធីរថយន្តអគ្គិសនីសកលរបស់ខ្លួន ឬ “Universal Electric Vehicle programme” គឺជា "គម្រោងដ៏អស្ចារ្យ និងសំខាន់បំផុតមួយ" ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ 

ក្រុមហ៊ុន Ford បានទទួលស្គាល់ថា បច្ចេកវិទ្យាថ្មអាចរួមចំណែករហូតដល់ 40% ចំពោះការកំនត់តម្លៃសរុបនៃរថយន្តអគ្គិសនីថ្មី ដែលម៉ាកយីហោ Blue Oval កំពុងដោះស្រាយ។ Ford បានបញ្ជាក់ថា អ្នកបើកបរបានទាមទារកញ្ចប់ថ្មធំៗសម្រាប់រថយន្តអគ្គិសនីដើម្បីទទួលបានចម្ងាយបើកបរកាន់តែឆ្ងាយ ទោះបីជាវារួមចំណែកដល់ការចំណាយកាន់តែច្រើនក៏ដោយ។ លោក Alan Clarke ដែលជាប្រធានផ្នែកផលិតផល និងការអភិវឌ្ឍន៍វេទិការថយន្តអគ្គិសនី “Universal EV Platform” បាននិយាយថា ក្រុមការងារ Ford កំពុងកំណត់រង្វាស់ជាលេខទៅលើកត្តាសំខាន់ៗ រួមទាំង ម៉ាស់រថយន្ត និងកម្រិតកកិតកម្លាំងខ្យល់ “aerodynamic drag”។

ដែលកត្តាទាំងនេះរួមចំណែកដោយផ្ទាល់ដល់ប្រសិទ្ធភាពរបស់យានយន្ត ដែលប៉ះពាល់ដល់រយះចម្ងាយបើកបរនៃកញ្ចប់ថ្មទាំងមូល និងតម្លៃរបស់កញ្ចប់ថ្ម។ លោក Alan បានបន្តថា “នៅក្នុងយានយន្តដែលមានតម្លៃទាប វាអាចមានអារម្មណ៍ថាផ្ទុយពីវិចារណញាណក្នុងការបង្កើនថ្លៃដើមនៃគ្រឿងបន្លាស់ដើម្បីកាត់បន្ថយទម្ងន់របស់វា”។ ក្រុមហ៊ុន Ford បាននិយាយថា គោលបំណងចម្បង គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលសរុបរបស់យានយន្ត ដោយនេះជាលើកដំបូងដែលត្រូវបានគេមើលឃើញនៅក្នុងរថយន្តភីកអាប់ខ្នាតធំ ឬ Full-size Pick up ដែលនឹងចេញលក់នាពេលខាងមុខ។

លោក Saleem Merkt ដែលធ្វើការនៅក្នុងផ្នែក Aerodynamic នៅក្រុមហ៊ុន Ford បានអះអាងថា ការផ្លាស់ប្តូរកម្ពស់ដំបូលរថយន្តមួយមីលីម៉ែត្រអាចនាំឱ្យមានការសន្សំប្រាក់ចំនួន 1.30 ដុល្លារ សម្រាប់ថ្លៃដើមនៃកញ្ចប់ថ្ម។ លោកបានបន្ថែមថា "រថយន្តភីកអាប់ដែលមានតម្លៃសមរម្យនាពេលខាងមុខនឹងមានប្រសិទ្ធភាពទៅលើកម្រិត Aerodynamic ដែលនឹងល្អជាងរថយន្តភីកអាប់ដទៃទៀតនៅលើទីផ្សារ 15%” និងអាចបន្ថែមរយះចម្ងាយក្នុងការបើកបរសរុបបានរហូតដល់ 4.5 ម៉ាយល៍ រួមជាមួយនឹងការសន្សំសំចៃបន្ថែមទៀតដើម្បីកាត់បន្ថយថ្លៃដើមសរុបសម្រាប់អ្នកបើកបរ។ 

ក្រុមហ៊ុន Ford ពីមុនបានសន្យាថា រថយន្តភីកអាប់ថ្មីដែលមានតម្លៃសមរម្យនេះ នឹងមានល្បឿនលឿនដូចរថយន្ត Ford Mustang EcoBoost ខណៈពេលដែលមានកន្លែងផ្ទុកអ្នកដំណើរច្រើនជាងរថយន្ត Toyota RAV4។ លោក Doug Field ប្រធានផ្នែកយានយន្តអគ្គិសនី ឌីជីថល និងរចនារបស់ Ford បានថ្លែងថា ក្រុមហ៊ុនផលិតអាចបង្កើតឡានអគ្គិសនីដែលមានតម្លៃស្រដៀងគ្នាទៅនឹងឡានប្រើម៉ាស៊ីនចំហេះខាងក្នុង។ ចំនែកលោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានសង្កត់ធ្ងន់ថា រថយន្ត Blue Oval នឹងត្រូវប្រកួតប្រជែងជាមួយម៉ាកយីហោឡានអគ្គិសនីចិនតាមរយៈ “នវានុវត្តន៍” ឬ “innovation”។ 

ក្រុមហ៊ុនផលិតមកពីប្រទេសចិន បានក្លាយជាម៉ាកមានការពេញនិយមកាន់តែខ្លាំងឡើងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពួកគេបានផលិត និងផ្តល់ជូនអ្នកប្រើប្រាស់នូវយានយន្តដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើប។ កាលពីឆ្នាំមុន លោក Farley បានថ្លែងថា “អ្នកនឹងមិនអាចយកឈ្នះពួកគេបានទេ (ក្រុមហ៊ុនផលិតយានយន្តប្រទេសចិន” អ្នកត្រូវតែខិតជិតតម្លៃ ប៉ុន្តែ បន្ទាប់មកអ្នកត្រូវតែអនុវត្តនវានុវត្តន៍។ នោះហើយជាអ្វីដែលយើងបានធ្វើ។ នោះជាការប្រកូតប្រជែងរបស់យើងជាមួយពួកគេ”៕