រថយន្ត Toyota LandCruiser 70 Series គឺជារថយន្តដឹកទំនិញដ៏ខ្លាំង និងរឹងមាំបំផុត ដែលពេញនិយមប្រើប្រាស់បំផុតសម្រាប់អ្នករុករករ៉ែ កសិករ អ្នកជំនួញ និងអ្នកផ្សងព្រេងនៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ ប៉ុន្តែរថយន្តដ៏ពេញនិយមរបស់ក្រុមហ៊ុនជប៉ុននេះ ត្រូវបានគេមើលឃើញថា កំពុងប្រឈមនឹងការប្រកូតប្រជែងខ្លាំងនៅលើទីផ្សារពីក្រុមហ៊ុនរថយន្តអាមេរិក Ford ជាមួយនឹងម៉ូដែល Ranger Super Duty ដំបូងគេត្រូវបានផលិតឡើងនៅក្នុងប្រទេសអូស្ត្រាលីជាពិសេសដើម្បីផ្តោតលើការប្រកូតប្រជែងជាមួយរថយន្ត LandCruiser 70 Series ដ៏ពេញនិយម ដែលឈរជើងដ៏រឹងមាំតាំងពីឆ្នាំ 1984 មកម្ល៉េះ។

ដោយថ្មីៗនេះ យោងតាមក្រុមហ៊ុន Ford Australia បានឲ្យដឹងថា រថយន្ត Ranger Super Duty ថ្មីដែលជាម៉ូដែលដំបូងគេដែលបានផលិតក្នុងប្រទេស អូស្ត្រាលីផ្ទាល់បានទាក់ទាញការចាប់អារម្មខ្លាំងពីអតិថិជនរាប់ពាន់នាក់ចាប់តាំងពីការចេញលក់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ 2025 មក។ ហើយវាបានបង្ហាញថា Ranger Super Duty ស៊េរីថ្មី គឺមានប្រជាប្រិយភាពជាងរថយន្ត Toyota LandCruiser 70 Series នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2026 នេះ។  អ្នកនាំពាក្យក្រុមហ៊ុន Ford Australia បាននិយាយថា Ford Ranger Super Duty ស៊េរីថ្មីត្រូវបានផលិតឡើងដោយឈរលើមូលដ្ឋានតម្រូវការអតិថិជន និងករណីនៃការប្រើប្រាស់ចម្រុះ។

អ្នកនាំពាក្យដដែលបង្ហើតផងដែរថា ប្រសិនបើនៅក្នុងវិស័យការពារ និងសន្តិសុខជាតិអូស្ត្រាលី មើលឃើញពីភាពធន់រឹងមាំ អនុភាពកម្លាំងខ្លាំង អាចផ្ទុក ឬអូសសណ្តោងទំងន់បានធ្ងន់ និងសមត្ថភាពក្នុងការបើកបរលើផ្លូវឧបសគ្គ “off-road” របស់ Ranger Super Duty នោះ ក្រុមហ៊ុន Ford នឹងរីករាយក្នុងការសហការក្នុងការធ្វើការជាមួយពួកគេ ដើម្បីផលិតឡាន Pick up ដ៏ខ្លាំងនេះសម្រាប់ប្រើប្រាស់ក្នុងការបំពេញបេសកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធិភាពខ្ពស់។

Ford Ranger Super Duty ស៊េរីថ្មី ត្រូវបានអភិវឌ្ឍន៍ និងធ្វើតេស្តដោយផ្ទាល់នៅក្នុងប្រទេសអូស្ត្រាលី។ រថយន្ត Pick up truck របស់អាមេរិកនេះ បានប្រើប្រាស់ប្រព័ន្ធសាក់ស៊ីផលិតពីដែកដែលមានកម្រាស់ក្រាស់ជាងមុនជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធជើងក្រោមសំខាន់ៗដូចជា ប្រព័ន្ធ reinforced steel, cast aluminium suspension arms, strengthened leaf springs, heavy-duty differentials, driveshafts, និង wheel hubs ជាដើម។ បន្ថែមពីនេះទៅលើប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធត្រជាក់ក៏ត្រូវបានធ្វើការកែប្រែឲ្យសមត្ថភាពល្អប្រសើរឡើងជាងផងដែរ ខណៈដែលធុងប្រេងឥន្ធនៈក៏មានការកែកុនថ្មីដោយផ្ទុកប្រេងឥន្ធនៈបានច្រើនជាងមុន ព្រមទាំងពាសការពារពីការបុកទម្លុះដោយបន្ទះការពារកម្រាស់ 4mm ថែមទៀតផង។

Ford Ranger Super Duty ស៊េរីថ្មីដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 3.0-litre turbo-diesel V6 មានកម្លាំង 205hp និងកម្លាំងរមួល 600N.m ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិមាន 10-វគ្គ ជាមួយប្រព័ន្ធដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive ជាមួយប្រព័ន្ធបើកបរល្បឿនយឺត “low-range gearing” ។ Ranger Super Duty ប្រើប្រាស់យ៉ាន់កង់ខ្នាត 18-inch ភ្ជាប់ដោយសម្បកកង់ប្រភេទ all-terrain tyres អាចដឹកទំងន់បាន 2 តោន និងអាចអូសសណ្តោងទំងន់បានដល់ 4.5 តោន។ 

Ford Ranger Super Duty ស៊េរីថ្មីមានជម្រើសម៉ូដែលដូចជា៖
- Single Cab-Chassis តម្លៃខ្ទង់ $59,570  
- Super Cab-Chassis តម្លៃខ្ទង់ $62,083 
- Dual Cab-chassis តម្លៃខ្ទង់ $64,595 
- Dual Cab-chassis (XLT) តម្លៃខ្ទង់ $78,240៕