ស្វែងរកពួកយើង:

Ford, Toyota និង GM ត្រៀមបរិច្ចាគថវិកាម្នាក់ៗចំនួន 1 លានដុល្លារ ដល់រដ្ឋាភិបាលថ្មីរបស់លោក Trump

ដោយ

Koun Jab Luffy

28 ធ្នូ 2024 08:41 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Ford និង GM ត្រូវបានគេរាយការណ៍ថា បានរៀបចំរថយន្ត និងថវិកា ដើម្បីធ្វើការបរិច្ឆាគទៅកាន់លោក Donald Trump នៅថ្ងៃប្រកាសឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី 47 នៅខែក្រោយនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ក៏ចូលរួមសម្រាប់ការបរិច្ឆាគនេះផងដែរ ដោយក្នុងនោះ ក្រុមហ៊ុននីមួយៗត្រូវបាន គេដឹងថានឹងធ្វើការបរិច្ឆាគជាទឹកប្រាក់ម្នាក់ 1 លានដុល្លារអាមេរិក។
វាមិនមែនជារឿងអ្វីដែលចម្លែកនោះទេ សម្រាប់ប្រធានាធិបតីថ្មី ក្នុងការស្នើសុំការបរិច្ចាគសម្រាប់ការប្រារព្ធពិធីសម្ពោធប្រកាសឡើងកាន់តួនាទីជាប្រធានាធិបតីរបស់ពួកគេ។ បើតាមការចុះបញ្ជីរបស់ប្រធានាធិបតី Joe Biden ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីទី 46 ឆ្នាំ 2021 រួមមានក្រុមហ៊ុនជាច្រើនបានចូលរួមបរិច្ឆាគធនធានរបស់ពួកគេដែលក្នុងនោះមានដូចជា ក្រុមហ៊ុន Google, Microsoft, Boeing, Pfizer, AT&T, Uber និងក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ដែលទទួលបាន គឺចំនួនប្រហែល 61លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលជំងឺរាតត្បាត (កូវីដ-19)។
ចំនែកលោក Donald Trump រៃអង្គាសបានទឹកប្រាក់ចំនួន 106.7 លានដុល្លារអាមេរិក សម្រាប់ព្រឹត្តិការនៃការសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី 45 កាលពីឆ្នាំ 2017។ សម្រាប់ឧស្សាហកម្មរថយន្ត ត្រូវបានមើលឃើញថា ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗជាមួយនឹងរដ្ឋបាលចូលកាន់តំណែងថ្មីរបស់លោក Trump គឺមានផលប៉ះពាលមួយចំនួន ដូចជាការគម្រាមបន្ថែមពន្ធលើការនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តដែលផលិតរថយន្តនៅទូទាំងអាមេរិកខាងជើង និងលើសពីនេះទៀតផង។
តាមរបាយការណ៍បានរាយការណ៍ថា លោក Donald Trump ដែលនឹងចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកទី 47  គ្រោងនឹងសម្លាប់ឥណទានពន្ធសហព័ន្ធសម្រាប់រថយន្តអគ្គិសនី ដែលអាចជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន សម្រាប់ការនាំចូលទៅទីផ្សារអឺរ៉ុប។
យោងតាមរបាយការណ៍ចេញផ្សាយដោយបណ្តាញសារព័ត៌មាន Reuters បាននិយាយថា នាយកប្រតិបត្តិ Ford លោក Jim Farley បាននិយាយកាលពីដើមខែនេះថា គាត់ជឿជាក់ថា រដ្ឋាភិបាលថ្មីរបស់លោក Trump នឹង "ចាប់អារម្មណ៍លើទស្សនៈរបស់ក្រុមហ៊ុន Ford" ទាក់ទងនឹងការផ្លាស់ប្តូរគោលនយោបាយដ៏មានសក្តានុពល។
ចំនែកនាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra បាននិយាយកាលពីប៉ុន្មានសប្តាហ៍មុនថា អ្នកស្រីមានអារម្មណ៍ថាក្រុមហ៊ុនផលិតរថយន្ត និងរដ្ឋាភិបាលថ្មីរបស់លោក Trump គឺ "ជួយជម្រុញតម្រង់គោលដៅខ្លាំងណាស់"  ទោះជាយ៉ាងណា អ្នកស្រីបានទទួលស្គាល់ថា នឹងមានការផ្លាស់ប្តូរជាច្រើនសម្រាប់ឧស្សាហកម្មរថយន្តនាពេលអនាគត៕
Ford, Toyota និង GM ត្រៀមបរិច្ចាគថវិកាម្នាក់ៗចំនួន 1 លានដុល្លារ ដល់រដ្ឋាភិបាលថ្មីរបស់លោក Trump