ស្វែងរកពួកយើង:

ពណ៌ និងតម្លៃរបស់ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+បែកធ្លាយនៅក្នុងបញ្ជីលក់រាយ!

ដោយ

Koun Jab Luffy

09 មីនា 2017 09:25 ព្រឹក

អាន 2 នាទី

ពេលនេះ វាមានព័ត៌មានអំពីពណ៌អ្វីខ្លះដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រើប្រាស់សម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ របស់ខ្លួន។ ព័ត៌មានពាក់ព័ន្ធជាមួយនឹងតម្លៃរបស់ស្មាតហ្វូនទាំងពីរនេះ ក៏បង្ហាញនៅលើអនឡាញផងដែរដូចទៅនឹងការរំពឹងទុកមុនថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Galaxy S7 និង Galaxy S7 Edge នឹងមានតម្លៃថ្លៃជាងមុន។ នៅថ្ងៃអង្គារ គណនី Roland Quandt ដែលជាអ្នកទម្លាយព័ត៌មានបច្ចេកវិទ្យាដ៏ល្បីបានចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម Twitter អំពីស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែលគាត់បានរកឃើញនូវបញ្ជីតម្លៃលក់រាយរបស់វានៅអ៊ឺរ៉ុប។ ផ្អែកទៅលើបញ្ជីលក់រាយទាំងនេះ គាត់បានរកឃើញថាស្មាតហ្វូនស៊េរីថ្មី 2 ម៉ូដែលនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ស្វាយ។ វាគ្មានអ្វីប្លែកនោះទេដែលមានពណ៌ខ្មៅ ឬពណ៌ទឹកប្រាក់នោះ ប៉ុន្តែពណ៌ស្វាយ (Violet) ពិតជាធ្វើឱ្យអ្នកគាំទ្រ Samsung ភ្ញាក់ផ្អើលទៀតហើយនៅពេលដាក់លក់ខែក្រោយនេះ។
និយាយពីរឿងតម្លៃវិញ លោក Quandt ដឹងថា ស្មាតហ្វូន Galaxy S8 នឹងដាក់លក់នៅក្នុងតម្លៃ 799 អ៊ឺរ៉ូ ឬ 843 ដុល្លារ ខណៈពេលដែលស្មាតហ្វូន Galaxy S8 Plus នឹងដាក់លក់នៅក្នុងតម្លៃ 899 អ៊ឺរ៉ូ ឬ 949 ដុល្លារ។ តើរឿងនេះពិតទេ? សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺច្បាស់ណាស់ត្រូវតែថ្លៃជាងស្មាតហ្វូន Galaxy S7 (672 ដុល្លារ) និង Galaxy S7 Edge (792 ដុល្លារ)។ នៅក្នុងសារបង្ហោះមួយទៀត លោក Quandt ពន្យល់ថា ពណ៌ និងតម្លៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះបានបង្ហើបឱ្យដឹងពីក្រុមហ៊ុនចែកចាយមួយនៅសហភាពអ៊ឺរ៉ុប។ ដូចនេះ វាពិតជាអាចទៅរួចដែលតម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់គឺផ្សេងៗគ្នាអាស្រ័យទៅតាមតំបន់។ គាត់បន្ថែមទៀតថា សម្រាប់ពណ៌ផ្សេងក្រៅពីនេះអាចដាក់លក់នៅក្នុងទីផ្សារផ្សេងជាច្រើនទៀត។
បើទោះបីជាព័ត៌មាននេះបានទទួលពីអ្នកលក់រាយក្តី វានៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Samsung នៅឡើយទេ។ ហេតុនេះ អ្នកគ្រប់គ្នាកុំទាន់ជឿជាក់ថាការបង្ហោះរបស់លោក Quandt គឺជឿជាក់ 100% នោះ។ Android Authority និយាយថា វាជារឿងល្អបំផុតដែលត្រូវរង់ចាំរហូតទាល់តែក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះប្រកាសបង្ហាញវត្តមានស្មាតហ្វូន Galaxy S8 និង Galaxy S8+ នៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ មុននេះ IBTimes រាយការណ៍ថា កាលបរិច្ឆេទនៃការលក់ស្មាតហ្វូនទាំង 2 នេះត្រូវបានពន្យារពេលមួយសប្តាហ៍គឺផ្លាស់ប្តូរពីថ្ងៃទី 21 ខែមេសា ទៅជាថ្ងៃទី 28 ខែមេសាវិញ៕