ស្វែងរកពួកយើង:

Nokia 3310 (2017) នឹងទៅដល់ប្រទេសអេស្ប៉ាញនៅថ្ងៃទី 15 ខែឧសភា ដោយចេញលក់ក្នុងតម្លៃ 59 អ៊ឺរ៉ូ

ដោយ

Koun Jab Luffy

01 ឧសភា 2017 10:29 ព្រឹក

អាន 2 នាទី

ទូរស័ព្ទស៊េរីថ្មី Nokia 3310 (2017) ត្រូវគេរំពឹងទុកថានឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងខែឧសភានេះ ហើយយើងបានទទួលដំណឹងជាក់លាក់ទៀតថា កាលបរិច្ឆេទនៃការដាក់លក់គឺនៅថ្ងៃទី 15 ខែឧសភា។ កាលបរិច្ឆេទនេះត្រូវបង្ហោះទម្លាយអោយដឹងដោយក្រុមហ៊ុនលក់រាយ Media Markt ដ៏ធំមួយនៅទ្វីបអ៊ឺរ៉ុបនៅលើគេហទំព័រជាភាសាអេស្ប៉ាញរបស់ខ្លួនជាមួយនឹងតម្លៃដាក់លក់ 59 អ៊ឺរ៉ូ។
ក្រោយពេលប្រកាសសម្ភោធទូរស័ព្ទ Nokia 3310 (2017) ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC ក្នុងខែកុម្ភៈរួចមក តម្លៃរបស់ទូរស័ព្ទនេះដែលប្រើប្រាស់ប្រព័ន្ធ 2G គឺត្រឹមតែ 49 អ៊ឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀតពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា តម្លៃរបស់ទូរស័ព្ទនេះគឺខ្ពស់ជាងពេលប្រកាសសម្ភោធ ហើយនៅក្នុងបញ្ជីរបស់ក្រុមហ៊ុន Media Markt ក៏បញ្ជាក់ថា ទូរស័ព្ទនេះនឹងមានតម្លៃខ្ពស់ជាងមុនរហូតដល់ទៅ 20% ។
កាលពីពេលមុននេះ ក្រុមហ៊ុនលក់រាយជាច្រើននៅប្រទេសអាឡឺម៉ង់ និងប្រទេសអូស្រ្តាលីក៏បង្ហាញនៅក្នុងបញ្ជីរបស់ខ្លួនថាកាលបរិច្ឆេទនៃការដាក់លក់គឺនៅថ្ងៃទី 26 ខែឧសភា។ ក្រុមហ៊ុនលក់រាយជាច្រើននៅចក្រភពអង់គ្លេស និងក្រុមហ៊ុនទូរគមនាគមន៍ក៏បញ្ជាក់ថា កាលបរិច្ឆេទនៃការលក់ទូរស័ព្ទ Nokia 3310 គឺនៅក្នុងខែឧសភា ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់ដឹងនោះទេ។
បើពិនិត្យទៅលើលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Nokia 3310 វាមានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 2 MP + LED Flash រន្ធដោត microSD ទ្រទ្រង់បានទំហំដល់ទៅ 32GB និងវិទ្យុ FM ផងដែរ។ ទូរស័ព្ទនេះប្រើប្រាស់រន្ធ microUSB សម្រាប់បញ្ជូលថ្ម និងថ្មកម្លាំងថាមពល 1200mAh ៕
Nokia 3310 (2017) នឹងទៅដល់ប្រទេសអេស្ប៉ាញនៅថ្ងៃទី 15 ខែឧសភា ដោយចេញលក់ក្នុងតម្លៃ 59 អ៊ឺរ៉ូ