ក្រុមហ៊ុន Blackmagic Design គឺជាក្រុមហ៊ុនផលិតកាមេរ៉ាថតរូប និងវីដេអូកម្រិតអាជីបដ៏ល្បីឈ្មោះមួយដែលមានទីស្នាក់ការធំនៅក្នុងទីក្រុង ម៉េលប៊ន ប្រទេសអូស្រ្តាលី។ ក្នុងឆ្នាំ 2013 ក្រុមហ៊ុនមួយនេះបានប្រកាសចេញកាមេរ៉ារបស់ខ្លួនម៉ូដែល Pocket Cinema Camera ដែលជាប្រភេទកាមេរ៉ាដែលមានគុណភាពខ្ពស់ និងមានការរចនារូបរាងប្រណីតសក្តិសមជាកាមេរ៉ាអាជីបហើយវាក៏ទទួលបានទីផ្សារជោគជ័យខ្លាំងផងដែរ។
នៅក្នុងរយះពេល 5 ឆ្នាំមកនេះក្រុមហ៊ុនទើបតែបានប្រកាសចេញអ្នកស្នងតំណែងថ្មីមួយទៀតនោះគឺកាមេរ៉ាម៉ូដែលថ្មី Pocket Cinema Camera 4K។ ចំពោះការរចនារូបខាងក្រៅនៃកាមេរ៉ាថ្មីម៉ូដែល 4K មួយនេះហាក់មិនមានអ្វីខុសប្លែកច្រើនពីជំនាន់មុនរបស់វាឡើយ ប៉ុន្តែអ្វីដែលជាការ Upgrade ដ៏ធំបំផុតនោះគឺវាភ្ជាប់មកជាមូយសែនស័រថ្មីខ្នាត 4/3 HDR Sensor ជាមួយកម្រិតរីសូលូហ្ស៊ិនខ្ពស់ទំហំ 4096x2160 DCI 4K។ វាមានសមត្ថភាពខ្ពស់ក្នុងការ boast បានដល់ 13 Stop លើមុខងារ dynamic range និងមានកម្រិតពន្លឺ ISO 25,600 នៅលើកែវលែនប្រភេទ Micro Four Thirds Lens។
សមត្ថភាពក្នុងការផលិតវីដេអូបានជាប្រភេទ ProRes កម្រិត 10-bit និងប្រភេទ RAW កម្រិត 12-bit ព្រមទាំងទ្រទ្រង់នូវមុខងារ 3D LUTS ថែមទៀតផង។ អ្នកប្រើប្រាស់អាចកម្រិតល្បឿននៃការថតវីដេអូបានចាប់ពីកម្រិត 4K ក្នុងល្បឿន 60fps និង 1080px ក្នុងល្បឿន 120fps នៅលើកាមេរ៉ាមួយនេះ។ សម្រាប់មុខងារតភ្ជាប់ដែលមាននៅលើកាមេរ៉ា Pocket Cinema Camera 4K នេះមានដូចជា រន្ធដោតម៉ាយក្រូហ្វូនចំនួនបួនជាមួយមុខងារ mini XLR Output និង 48v phantom power។ រន្ធដោត HDMI ដែលទ្រទ្រង់ជាមួយវីដេអូកម្រិត HDR កម្រិតច្បាស់ 10-bit video feed, រន្ធដោតកាសស្តាប់, រន្ធម៉ាយក្រូហ្វូន, រន្ធ locking DC12v power និងរន្ធដោត USB-C។
ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាអនុញ្ញាតិអោយយើងធ្វើការភ្ជាប់ USB-C Hard Drive ទៅកាន់កាមេរ៉ាដើម្បីធ្វើការថតរូបវីដេអូចូលទៅកាន់ Hard Drive បានដោយផ្ទាល់តែម្តង។ ហើយចំពោះការថតរូបវីដេអូនៅលើកាមេរ៉ាផ្ទាល់គឺប្រើនៅលើម៉េមូរីកាតប្រភេទ SD, UHS-II ឬ cFast card។ តួររបស់កាមេរ៉ាត្រូវបានផលិតឡើងពី Carbon Fiber Polycarbonate និងនៅខាងក្រោយបំពាក់នូវអេក្រង់ថាច់ស្រ្គីនទំហំ 5 អ៊ីង និងដំណើរការដោយប្រតិបត្តិការ Blackmagic OS ព្រមទាំងទ្រទ្រង់ការភ្ជាប់បញ្ជាពីចំងាយតាមរយះប្រព័ន្ធប្លូធូសផងដែរ។
កាមេរ៉ាជំនាន់ថ្មី Blackmagic Pocket Cinema Camera 4K មានតម្លៃប្រមាណ $1,295 អាមេរិកដែលតម្លៃនេះធូរថ្លៃជិតពាក់កណ្តាលបើធៀបនឹងតម្លៃរបស់កាមេរ៉ាស៊េរីថ្មី Panasonic GH5S។ ហើយតម្លៃនេះរួមបញ្ជូលទាំងតម្លៃ License សម្រាប់កម្មវិធី DaVinci Resolve Studio និងBlackmagic Video Editing។ Blackmagic Pocket Cinema Camera 4K ត្រូវបានគេព្យាករណ៍ថានឹងចេញដាក់លក់ជាផ្លូវការណ៍ក្នុងពេលណាមួយនាឆ្នាំ 2018 នេះ៕
