កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OnePlus ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី OnePlus 6T ហើយស្មាតហ្វូននេះ អាចរកទិញបានជាមួយនឹងពីរពណ៌គឺ Mirror Black និង Midnight Black។ នៅពេលនេះ មានព័ត៌មានថ្មី បានបញ្ជាក់ថា ក្រុមហ៊ុន OnePlus គឺមានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនពណ៌ថ្មីមួយទៀត នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន OnePlus នោះទេ ប៉ុន្តែទំព័រនៅលើគេហទំព័រផ្លូវការនេះ ក៏មានបង្ហើបថា ស្មាតហ្វូននេះ នឹងមានពណ៌ថ្មីគឺ Thunder Purple សម្រាប់ស្មាតហ្វូន OnePlus 6T។ ក៏មានរូបភាព Renders និងរូបភាពជាច្រើនទៀតរបស់ពណ៌ថ្មីនេះ ដែលបែកធ្លាយនៅក្នុងសប្តាហ៍នេះ។

កាលពីពេលមុននេះ ក្រុមហ៊ុន OnePlus ក៏បាននាំយកនូវពណ៌ជាច្រើន ហើយនេះគឺជាលើកដំបូងបំផុត ដែលយើងឃើញពណ៌ Thunder Purple នេះ។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវស្មាតហ្វូនជាច្រើនដែលមានពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម។ ក្រុមហ៊ុននេះ ក៏ប្រកាសចេញនូវស្មាតហ្វូនច្រើន Editions ទៀតដូចជា Star Wars និង Avengers ជាដើមសម្រាប់ស្មាតហ្វូន OnePlus 5T និង 6។ នៅក្នុងព័ត៌មានបែកធ្លាយ ពណ៌ Thunder Purple ថ្មីនេះគឺសម្រាប់ស្មាតហ្វូនដែលមានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី OnePlus 6T នេះ មានអេក្រង់ទំហំ 6.41-inch AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 2340x1080 pixel។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 845 ហើយមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយវាក៏អាចបន្ថែមនូវ MicroSD កាតបានថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 37000mah ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Dash charge។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាភ្លោះទំហំ 20MP+16MP នៅខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 16MP ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Oreo។ ស្មាតហ្វូននេះមានតម្លៃ Rs 37,999 ដែលអាចរកទិញបាននៅ Amazon និងហាង OnePlus Store ៕
