ស្វែងរកពួកយើង:

ដឹងទេថា ស្មាតហ្វូន Samsung Galaxy A8s អេក្រង់ Infinity O មានលក្ខណះពិសេស និងមានអ្វីប្លែកខ្លះ?

ដោយ

Koun Jab Luffy

11 ធ្នូ 2018 06:22 ព្រលប់

អាន 3 នាទី

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A8s ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភពលោកដែលមានរន្ធប្រហោងនៅលើអេក្រង់របស់វា ហើយវាក៏ជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលប្រើប្រាស់នូវអេក្រង់ថ្មី Infinity-O display ផងដែរ។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺជាលក្ខណៈពិសេសមួយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រើប្រាស់នូវបន្ទះឈីបខ្លាំងក្លា កាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងម៉េមូរីធំ រួមជាមួយនឹងរ៉េមធំថែមទៀត។ យ៉ាងណាមិញ ស្មាតហ្វូន Galaxy ស៊េរីថ្មីនេះមិនមានរន្ធដោតកាសស្តាប់នោះទេ។
Article image
ការរចនារូបរាងដ៏ស្រស់ស្អាត
ស្មាតហ្វូនស៊េរីថ្មី Galaxy A8s នេះប្រើប្រាស់នូវកញ្ចក់នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ហើយគែមរបស់ស្មាតហ្វូននេះគឺធ្វើឡើងពីលោហធាតុថែមទៀតផង។ ស្មាតហ្វូននេះមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Gradient Black, Elves Blue និង Aurora Green ។ សម្រាប់កញ្ចក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺជាប្រភេទ 3D ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung នោះ ពណ៌របស់ស្មាតហ្វូននេះក៏នឹងមានការផ្លាស់ប្តូរផងដែរផ្អែកទៅលើពន្លឺដែលចាំងទៅលើវាផងដែរ។ Samsung ក៏ធ្វើការច្នៃបន្ថែមទៀតទៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ វាមានការប្រើប្រាស់នូវ Ring ពណ៌មួយស្ថិតនៅកណ្តាលនៃប្រព័ន្ធកាមេរ៉ា (Primary Camera) តែម្តងដែលបន្ថែមនូវភាពស្រស់ស្អាតសម្រាប់ស្មាតហ្វូននេះ។ សម្រាប់ពណ៌ប្រផេះ Ring របស់វាគឺមានពណ៌មាសហើយវាមានភាពលេចធ្លោជាងស្មាតហ្វូនពណ៌ខៀវ និងពណ៌បៃតង។
Article image
រន្ធប្រហោងសម្រាប់កាមេរ៉ានៅលើអេក្រង់  Infinity-O display គឺមានទំហំធំ ប៉ុន្តែវាមិនតូចដូចអ្វីដែលយើងធ្លាប់បានឃើញនៅលើវីដេអូបែកធ្លាយរបស់ស្មាតហ្វូន Lenovo Z5s នោះទេ។ វានៅតែមានគែមអេក្រង់ដែលអាចមើលឃើញបានយ៉ាងច្បាស់ ហើយនៅផ្នែកអេក្រង់គែមរបស់វាគឺទំហំធំជាងមុន។ ស្មាតហ្វូននេះ ក៏មានអង់តែនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ។ ផ្នែកខាងក្រោមនេះគឺមានរន្ធដោត USB-C port និង Speaker ។ ស្មាតហ្វូននេះប្រើប្រាស់នូវប៊ូតុង Bixby និងរន្ធដោត SIM Tray នៅផ្នែកខាងឆ្វេង ខណៈពេលដែលប៊ូតុងឡើងចុះសំឡេង និងប៊ូតុង Power គឺស្ថិតនៅផ្នែកខាងស្តាំរបស់វាផងដែរ។
Article image
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A8s
ស្មាតហ្វូនស៊េរីថ្មី Galaxy A8s នេះមានអេក្រង់ទំហំ  6.4-inch display ជាមួយនឹងកម្រិត  19.5:9 aspect ratio ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បង្ហាញអំពីកម្រិតភាពច្បាស់នៃអេក្រង់របស់វានៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ TENAA ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ 2340x1080។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 និងមានរ៉េមទំហំ 6GB និង8GB ។ ស្មាតហ្វូននេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀត។
Article image
ដូចគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy A7 (2018) នេះ ស្មាតហ្វូន Galaxy A8s ប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 10MP telephoto lens ជាមួយនឹង 2x optical zoom ជាមួយនឹង 24MP f/1.7 main sensor និង 5MP f/2.2 sensor សម្រាប់ការថត real-time portrait effect ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 24MP ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីGalaxy A8s នេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងថាមពលថ្មទំហំ  3,300mAh ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថែមទៀត។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅមិនទាន់ប្រកាសបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែវាក៏មានទំព័រសម្រាប់ធ្វើការចុះឈ្មោះទៅលើការចាប់អារម្មណ៍ទិញស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុន Samsung ក៏ផ្តល់នូវសំណាងសម្រាប់អ្នកចូលរួមក្នុងការឈ្នះស្មាតហ្វូននេះផងដែរ៕