Foxconn គឺជាក្រុមហ៊ុនទទួលរ៉ាប់រងក្នុងការផលិតនូវឧបករណ៍ iOS Devices អោយក្រុមហ៊ុន Apple ពិសេសគឺទូរស័ព្ទ iPhone តែម្តង ហើយក្រុមហ៊ុននេះក៏ជាដៃគូផលិតស្មាតហ្វូន Android អោយក្រុមហ៊ុនស្មាតហ្វូនចំនួនទៀតផងដែរ។ ក្រុមហ៊ុន Foxconn មានទីស្នាក់ការរោងចក្រធំនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។ កាលពីកំឡុងខែតុលាឆ្នាំកន្លងទៅក្រុមហ៊ុន Foxconn ត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយកំលាំងពលកម្មចំនួនដល់ទៅ 50,000 នាក់ឯណោះដែលជាចំនួនច្រើនបំផុតបើធៀបនឹងឆ្នាំមុនៗ។

យោងតាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន Foxconn ដែលសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា “ចំនួនបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទាំងអស់គឺជាបុគ្គលិកដែលបម្រើការងារក្នុងរោងចក្រក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan តែម្តង ហើយពួកគេគឺជាបុគ្គលិកបម្រើការងារលើចង្វាក់ផលិតទូរស័ព្ទ iPhone អោយក្រុមហ៊ុន Apple ថែមទៀតផង”។ ប្រភពដដែលបន្តថា “មូលហេតុធំដែលជម្រុញអោយ Foxconn កាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនសន្ធឹកនេះក៏ព្រោះតែការបញ្ជាទិញ និងការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មានការធ្លាក់ចុះនាឆ្នាំកន្លងទៅ”។

ជាធម្មតាកិច្ចសន្យាការងាររបស់បុគ្គលិកតម្រូវអោយបុគ្គលិកត្រូវធ្វើការចាប់ពីខែសីហាក្នុងឆ្នាំ 2018 រហូតដល់ពាក់កណ្តាល ឬជិតដំណាច់ខែមករាឆ្នាំ 2019 នេះ ប៉ុន្តែក្រុមហ៊ុន Foxconn បានស្នើរអោយបុគ្គលិករបស់ខ្លួនឈប់ធ្វើការ និងចាក់ចេញពីក្រុមហ៊ុនតាំងពីមុនដំណាច់ឆ្នាំមកម្ល៉េះ។ មិនមែនតែក្រុមហ៊ុន Foxconn នោះទេដែលធ្វើការកាត់បន្ថយកំលាំងពលកម្មដ៏ច្រើនដូចនេះ ក្រុមហ៊ុន Pegatron ដែលជាក្រុមហ៊ុនដៃគូធំទីពីររបស់ Apple ត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយកំលាំងពលកម្មក្នុងចំនួនច្រើនផងដែរ ដោយក្នុងចំនោមបុគ្គលិកកំពុងបម្រើការប្រមាណជា 20,0000 នាក់ ត្រូវបានកាត់បន្ថយចំនួនរាប់ម៉ឺននាក់ផងដែរក្នុងមួយខែៗរហូតដល់ចំនួនឡើងដល់ប្រមាណជា 10,0000 នាក់ហើយដែលត្រូវបានក្រុមហ៊ុននេះបញ្ឈប់ពីការងារកំឡុងឆ្នាំ 2018។

យោងតាមប្រភពមួយចំនួនបានអោយដឹងថា “ក្នុងខណះពេលនេះក្រុមហ៊ុន Foxconn បានបង្កើនការខ្ទង់ចំនាយរបស់ខ្លួនដើម្បីទប់ទល់ទៅនឹងការព្យាករណ៍ទុកមុនថាចំណូលរបស់ខ្លួនអាចនឹងធ្លាក់ចុះនៅឆ្នាំ 2019 ដោយសារតែការលក់ស្មាតហ្វូននៅលើទីផ្សារសកលមានការធ្លាក់ចុះ”។ ម៉្យាងវិញទៀតដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្វើអោយក្រុមហ៊ុនធំៗដែលរកស៊ីក្នុងទីផ្សារបច្ចេកវិទ្យាមានការរង្គោះរង្គើ និងបានថយចុះបរិមាណការលក់ផលិតបច្ចេកវិទ្យារបស់ខ្លួនផងដែរ៕
