ដើម្បីរួមចំណែកការឆ្លើយតបទៅនឹងសម្ពាធនៃការប៉ះពាល់ទៅលើផ្នែកបរិស្ថាន ថ្មីៗនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើឱ្យប្រសើរឡើងទៅលើផ្នែកបរិស្ថានជាមួយនឹងការច្នៃប្រឌិតនៅការវេចខ្ចប់ប្លាស្ទិចជាមួយនឹងវត្ថុធាតុដើមថ្មីសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្វើការគូសបង្ហាញអំពីផែនការជាច្រើនក្នុងការជំនួសការវេចខ្ចប់ប្លាស្ទិកជាមួយនឹងវត្ថុធាតុដើម ដែលមាននិរន្តរភាពមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

ក្រុមហ៊ុនបាននិយាយាថា ចាប់ពីពាក់កណ្តាលឆ្នាំ 2019 តទៅ ខ្លួននឹងធ្វើការបោះបង់ការប្រើប្រាស់ជ័រប្លាស្ទិកជាប្រចាំសម្រាប់ប្រអប់ទូរស័ព្ទគ្រឿងអេឡិចត្រូនិច និងផលិតផលផ្សេងៗទៀតរបស់ខ្លួនដោយប្រើប្លាស្ទិកកែច្នៃ និងក្រដាសវិញ។ ក្នុងនោះថែមទាំងផ្លាស់ប្តូរការរចនាផលិតផល ដើម្បីកាត់បន្ថយកាកសំណល់របស់វាថែមទៀតផង ចំពោះឆ្នាំងសាកទូរស័ព្ទ នឹងមានការវេចខ្ចប់ដោយមិនត្រូវការខ្សែការពារប្លាស្ទិចនោះទេ នៅក្នុងអំឡុងពេលដឹកជញ្ជូន។

ជាមួយនឹងការប្រើក្រដាសវិញនោះ ក្រុមហ៊ុន Samsung នឹងពឹងផ្អែកលើប្រភេទនិរន្តភាពមួយដែលបញ្ជាក់ដោយអង្គការបរិស្ថានជាច្រើន។ ក្រុមហ៊ុននេះរំពឹងថា ការផ្លាស់ប្តូរទៅលើវត្ថុធាតុដើមនោះគឺបញ្ចប់នៅត្រឹមឆ្នាំ 2020។ ក្រុមហ៊ុនបន្តថា គំនិតផ្តួចផ្តើមនេះ មិនមែនជាសកម្មភាពអាត្មានិយមនោះទេ។ ក្រុមហ៊ុន Samsung ប្រឈមទៅនឹងការរិះគន់អស់ជាច្រើនឆ្នាំមកហើយពីក្រុមបរិស្ថានដោយសារតែខ្វះខាតផែនការការពារបរិស្ថាន ហើយការតវ៉ានេះ បានរាលដាលទៅក្នុងព្រឹត្តិការណ៍ជាច្រើនរបស់ខ្លួន។ ក្រុមអ្នកតវ៉ារបស់អង្គការ Greenpeace ក៏បានបង្ករឱ្យមានការភ្ញាក់ផ្អើលផងដែរដល់ក្រុមហ៊ុននេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress ឆ្នាំ 2017 កន្លងទៅ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំបំផុតមួយហើយក្រុមហ៊ុននេះ ក៏អាចផ្លាស់ប្តូរទៅការវេចខ្ចប់ការពារបរិស្ថាននេះ ពិតជាអាចបញ្ឈប់នូវបរិមាណសំណល់ជាច្រើន។ ក្នុងនោះ ក៏អាចជាឧទាហរណ៏មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតដែលនៅតែប្រើប្លាស្ទិច ហើយនេះ គឺជាការជម្រុញពួកគេអោយធ្វើការផ្លាស់ប្តូរដើម្បីកុំអោយស្ថានភាពកាន់តែអាក្រក់ជាងនេះ។ មិនថាមានអ្វីកើតឡើងនោះទេ វាគឺជាឱកាសដ៏ល្អដែលទូរស័ព្ទ Galaxy S10 ឬទូរទស្សន៍ 8K TV របស់អ្នកនឹងផ្តល់ភាពកក់ក្តៅដល់ភពផែនដីមួយនេះ៕
