
ស្មាតហ្វូនរបស់ក្រុមហ៊ុន vivo ដែលមានលេខម៉ូឌែល V1950A ត្រូវបានប្រទះឃើញនៅលើ TENAA របស់ចិនដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូនដូចគ្នានេះដែរ ត្រូវបានគេប្រទះឃើញនៅលើបញ្ជីរបស់ 3C ដែលមានការបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់វាថែមទៀតផង។ ស្មាតហ្វូនដែលមិនទាន់ដឹងនេះ មានពាក្យចចាមអារ៉ាមថាជាប្រភេទថ្មីរបស់ស្មាតហ្វូន vivo NEX 3 5G ខណៈពេលដែលកាលពីដំបូងនេះគេគិតថានេះ គឺជាស្មាតហ្វូន iQOO 3 5G ក៏ដោយនោះ។
តាមការបញ្ជាក់របស់ TENAA នោះ ស្មាតហ្វូនរបស់ក្រុមហ៊ុន vivo នេះ គឺមានលេខម៉ូឌែល V1950A ដែលមានវិមាត្រ 67.44 x76.14x9.4 mm ហើយវាមានទម្ងន់ 219.5g ថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.89-inches FHD+ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080x2256 pixels។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺនៅលើអេក្រង់ដែលដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើនដែលមានវត្តមាននៅក្នុងពេលសព្វថ្ងៃនេះ។ បន្ថែមពីនេះ យើងអាចជឿជាក់បានថា ស្មាតហ្វូននេះ នឹងជាស្មាតហ្វូន vivo NEX 3 5G ដែលប្រើប្រាស់នូវបន្ទះឈីប octa-core processor clocked 2.84GHz ដែលត្រូវគេជឿជាក់ថាជា បន្ទះឈីប Snapdragon 865 នេះបើមើលទៅលើល្បឿននៃ Clock របស់វានោះ។ វាគឺមានពីរទំហំសម្រាប់ស្មាតហ្វូននេះដែលមាន 128GB និងមួយទៀតគឺ 256GB ហើយវាមានរ៉េមទំហំ 8GB។យ៉ាងណាមិញ ស្មាតហ្វូននេះមិនមានរន្ធដោតបន្ថែមនូវ microSD card slot នោះទេ។

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយរបស់វាដែលមានកាមេរ៉ាគោលទំហំ 64MP ជាមួយនឹងសេនស័រពីរគ្រាប់ទៀតដែលមានទំហំ 13MP ។សម្រាប់កាមេរ៉ាខាងមុខវិញនោះគឺមានទំហំ 16MP selfie ជាប្រភេទកាមេរ៉ាផុសឡើងផងដែរ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមានដូចជា dual-mode 5G (SA និង NSA), 4G, WiFi, Bluetooth និង USB Type C ស្មាតហ្វូននេះមិនមានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10និងថាមពលថ្មទំហំ 4,250mAh ជាមួយនឹងបច្ចេកវិទ្យា 44W fast charging technology ថែមទៀតផង៕
