
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានទម្លាយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី 1 នៅក្នុងឆ្នាំ 2020 នេះ។ តួរលេខនេះ គឺបង្ហាញអំពីកំណើននៃប្រាក់ចំណេញទាប និងប្រាក់ចំណេញសុទ្ធ ប៉ុន្តែវានៅតែស្ថិតនៅក្នុងការរំពឹងទុករបស់ក្រុមហ៊ុននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះ នៅតែអាចលក់ស្មាតហ្វូនបានច្រើនជាង 450,000 គ្រឿងនៅក្នុងទីផ្សាររបស់ប្រទេសចិននៅក្នុងខែមីនា ឆ្នាំ 2020 នេះ។
តាមការបញ្ជាក់របស់នាយកប្រតិបត្តិ និងស្ថាបនិករបស់ក្រុមហ៊ុន Huawei នោះ លោក Ren Zhegfei បញ្ជាក់ថា ទីផ្សារនៅក្នុងប្រទេសចិន គឺមានការកើនឡើង ខណៈពេលដែលទីផ្សារអន្តរជាតិ គឺមានការធ្លាក់ចុះ ដោយសារតែការផ្តល់ជូនស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺមានការនាំចេញដោយគ្មានសេវាកម្ម Google នោះទេដោយសារតែការហាមប្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2019 កន្លងទៅនេះ។ ស្មាតហ្វូន Huawei P40 Series ដែលគេស្គាល់ថាជា Flagship គឺដំណើរការនូវសេវាកម្ម HMS របស់ក្រុមហ៊ុន Huawei ផ្ទាល់ខ្លួន មិនមាន google service ដូចមុននោះ។

ខណៈពេលដែលសេវាកម្ម Huawei Mobile Services នេះ គឺនៅពីក្រោយឧស្សាហកម្មរបស់ក្រុមហ៊ុន Google និង Apple នោះ ក្រុមហ៊ុននេះ នឹងនៅតែចូលទៅក្នុងទីផ្សារ និងការពង្រឹងទៅលើសេវាកម្មរបស់ខ្លួនកាន់តែខ្លាំងផងដែរ។ លោក Ren Zhengfei បានអះអាងថា ស្ថានភាពនៃការពិបាករបស់វីរុសកូរ៉ូណា បណ្តាលអោយមានការប៉ះពាល់ដល់ខែ្សសង្វាក់ផលិតកម្ម និងការគ្រប់គ្រងស្ថានភាពទីផ្សារអន្តរជាតិ និងការធ្វើការងារពីចម្ងាយផងដែរនៅក្នុងពេលនេះ៕
