
ក្រុមហ៊ុន Samsung Display បានធ្វើការផលិតនូវអេក្រង់ OLED ដែលល្អបំផុតរបស់ពិភពលោកសម្រាប់ស្មាតហ្វូនជាច្រើន ហើយកន្លងទៅថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ធ្លាប់បានធ្វើការផ្គត់ផ្គង់នូវអេក្រង់ OLED សម្រាប់ក្រុមហ៊ុន Apple សម្រាប់ស្មាតហ្វូន iPhones កម្រិតខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុន Apple ក៏ព្យាយាមក្នុងការកាត់បន្ថយទៅលើក្រុមហ៊ុន Samsung ផងដែរ តាមរយៈការផ្លាស់ប្តូរនូវការបញ្ជាទិញទៅកាន់ក្រុមហ៊ុន LG Display។ ក្រុមហ៊ុន Samsung ប្រហែលជាបាត់បង់នូវកុងត្រាក្នុងការផ្គត់ផ្គង់នូវអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhones ប៉ុន្តែវានឹងលែងមានទៀតហើយ។
តាមការបញ្ជាក់ចេញពីប្រភពព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Samsung Display នឹងបន្តក្នុងការផ្គត់ផ្គង់នូវអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhones ជំនាន់ថ្មីនៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ វាមិនមែនជាក្រុមហ៊ុនផ្គត់ផ្គង់ផ្តាច់មុខសម្រាប់ iPhones 2020 នោះទេ។ ក្រុមហ៊ុនចិន BOE និងក្រុមហ៊ុន LG Display របស់ប្រទេសកូរ៉េខាងត្បូង គឺមានពាក្យចចាមអារ៉ាមថាបានទទួលនូវការបញ្ជាទិញនូវអេក្រង់ OLED សម្រាប់ iPhones ដែលមានតម្លៃថោកជាងមុនដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញនូវ iPhones ចំនួន 4 ម៉ូឌែល នៅក្នុងឆ្នាំនេះ រួមមានដូចជា iPhone 12, iPhone 12 Max, iPhone 12 Pro និង iPhone 12 Pro Max ។ ស្មាតហ្វូនiPhone 12 និង iPhone 12 Max ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 5.4-inch និង 6.1-inch 60Hz OLEDរបស់ក្រុមហ៊ុន BOE, LG Display និង Samsung Display។ ស្មាតហ្វូន iPhone 12 Pro និង iPhone 12 Pro Max គឺមានតម្លៃថ្លៃខ្លាំងជាង iPhones ធម្មតាដែលមានអេក្រង់ទំហំ 6.1-inch និង 6.7-inch 120Hz OLED របស់ក្រុមហ៊ុន Samsung Display។

ប្រភពខាងលើនេះ បានបន្តថា ក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់នូវប្រភេទអេក្រង់ Y-OCTA OLED សម្រាប់ iPhones ដោយបច្ចេកវិទ្យ Y-OCTA នេះ ត្រូវបានគេរាយការណ៍ថា នឹងមានស្រទាប់អេក្រង់ស្តើងជាងមុន។ ក្រុមហ៊ុន Samsung នឹង មិនផ្គត់ផ្គង់នូវអេក្រង់កម្រិតខ្ពនស់ LTPO OLED ទៅកាន់ក្រុមហ៊ុន Apple នោះទេ។ អេក្រង់ LTPO OLED នេះ គឺត្រូវគេដឹងថា មានកម្រិត refresh rate និងថាមពលកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុនបើធៀបជាមួយនឹងអេក្រង់ OLED កាលពីមុន។ ក្រមហ៊ុននេះ អាចនឹងប្រើប្រាស់នូវអេក្រង់ LTPO OLED សម្រាប់ស្មាតហ្វូន Galaxy Note 20 series របស់ខ្លួន៕
