
ថ្មីៗនេះ ស្មាតហ្វូន Huawei Mate 40 ត្រូវបានគេប្រទះឃើញនៅក្នុងការបែកធ្លាយមួយ។ ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលមានការឌីស្សាញថ្មីទៅលើប្រព័ន្ធកាមេរ៉ា និងអេក្រង់គែមកោងស្អាតមែនទែន។ បើមើលទៅលើគំនិតនៃការឌីស្សាញនេះ ស្មាតហ្វូន Huawei Mate 40 នេះគឺមានកាមេរ៉ា 5 គ្រាប់នៅផ្នែកខាងក្រោយ ដែលមានរូបរាងជារង្វង់ដ៏ស្រស់ស្អាត។
តាមរូបភាពកាមេរ៉ានេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលបានឌីស្សាញនៅលើស្មាតហ្វូន Mate 30 series ហើយការបែកធ្លាយជាច្រើននេះ គឺជាអ្វីដែលយើងបានឃើញកាលពីពេលមុននេះផងដែរ។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ វាមានអេក្រង់ពេញគែម និងមិនមានរន្ធ Punch-Hole នៅលើអេក្រង់របស់វានោះទេ។ វាប្រហែលជាមានកាមេរ៉ាផុសឡើងខាងមុខរបស់វា។ ស្មាតហ្វូន Mate 40 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ Huawei ដែលមានបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់។

លក្ខណៈពិសេស ដែលគួរអោយចាប់អារម្មណ៍នោះ គឺទៅលើគំនិតនៃអេក្រង់ស្មាតហ្វូន Mate 40 ជាមួយនឹងអេក្រង់គែមកោងនៅផ្នែកខាងមុខតែម្តង។ ស្មាតហ្វូននេះ មានរន្ធដោត USB Type C port នៅផ្នែកខាងក្រោម និងមានរន្ធដោត SIM Card Slot នៅក្បែរគ្នា។ ក្រុមហ៊ុន Huawei នៅមិនទាន់ផ្តល់នូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Flagship នេះ នៅឡើយទេ ប៉ុន្តែវានឹងមានព័ត៌មានជាច្រើនទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
