
ខណៈពេលដែលទីផ្សារថេប្លេត Android នៅឆ្ងាយពីការប្រកួតប្រជែងជាមួយនឹងទីផ្សារស្មាតហ្វូននោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅតែផ្តោតទៅលើថេប្លេតនេះផងដែរ។ ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលគ្របដណ្តប់ទីផ្សារជាមួយនឹង iPads ដែលដំណើរការនូវ iPadOS នោះ យើងក៏មានក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Huawei ដែលមានថេប្លេត Android របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ Flagship ថ្មីដែលមានឈ្មោះហៅថា Galaxy Tab S7 ។
ថេប្លេតនេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែសីហានេះជាមួយនឹង Galaxy Note 20 series, Galaxy Fold 2, Galaxy Z Flip 5G និងGalaxy Watch 3។ តាមការបញ្ជាក់របស់ពាក្យចចាមអារ៉ាមជាច្រើននោះ បានអោយដឹងថា ក្រុមហ៊ុននេះ នឹងបញ្ចេញនូវម៉ូឌែលមួយទៀតនោះគឺ Galaxy Tab S7+។ នៅថ្ងៃនេះ យើងទទួលបាននូវវិញ្ញាបនបត្រ 2 និងរូបភាពមួយចំនួនដែលបង្ហាញអំពីថាមពលថ្មដែលមាននៅក្នុងថេប្លេត Tab S7+ នេះផងដែរ។

នៅក្នុងវិញ្ញាបនបត្រ TUV Rheiland និង Safety Korea នេះគឺមានការបង្ហាញអំពីថាមពលថ្មដែលមានទំហំ 9,800mAh ផងដែរ។ យ៉ាងណាមិញ ថេប្លេតនេះ ក៏មានថាមពលថ្មទំហំ 10,090mAh ផងដែរ ក្នុងវិញ្ញាបនបត្រនេះ ដូចនេះយើងរំពឹងថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 10,000mAh+ សម្រាប់ថេប្លេតនេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ថេប្លេត Galaxy Tab S7 នេះមានអេក្រង់ទំហំ 11-inch OLED ខណៈពេលដែលថេប្លេត Plus គឺមានអេក្រង់ទំហំ 12.3 ឬ 12.4-inches ។

ក្រៅពីឯកសារនៃវិញ្ញាបនបត្រនេះ វាមានព័ត៌មានជាច្រើនទៀតអំពីថេប្លេត Tab S7 ជាមួយនឹងរូបភាពរបស់វាផងដែរ។ ថេប្លេតនេះគឺមានរូបរាងដែលស្រដៀងគ្នាទៅនឹងថេប្លេត Galaxy Tab S6 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ បន្ថែមពីនេះទៀតនោះ វាក៏មានការទ្រទ្រង់នូវប៊ិច S Pen ផងដែរ។ ដូចអ្វីដែលយើងបាននិយាយកាលពីពេលមុននេះ ភាពខុសគ្នានៃថេប្លេត Tab S7 នេះគឺទៅលើទំហំរបស់វា។ ក្រៅពីភាពខុសគ្នាទៅលើទំហំអេក្រង់នេះ ថេប្លេតនេះគឺមានកម្រិត refresh-rate120Hz ។ ថេប្លេតទាំងពីរនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 865 SoC ជាមួយនឹងបច្ចេកវិទ្យា5G ។ ថេប្លេត Tab S7 នឹងមានថាមពលថ្មទំហំ 7,760mAh ប៉ុន្តែវានៅតែធំជាងថេប្លេត Tab S6 ។ ថេប្លេតទាំងពីរនេះនឹងមានពណ៌ច្រើនជាងមុន ហើយវាក៏ប្រហែលជាមានពណ៌ Space Gray ផងដែរ៕
