
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន A53 2020 ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 460។ នៅពេលនេះ ក៏មានស្មាតហ្វូនជំនាន់ថ្មីៗជាច្រើនទៀតដែរ ដែលនឹងភ្ជាប់ជាមួយនឹងបន្ទះឈីបនេះ។ ស្មាតហ្វូន vivo Y20 និង vivo Y20i ត្រូវបានគេមើលឃើញថា ក៏នឹងប្រើឈីបនេះដែរ បន្ទាប់ពីមានការបែកធ្លាយលក្ខណៈសម្បត្តិជាច្រើនកាលពីពលថ្មីៗនេះ។
ស្មាតហ្វូន vivo Y20 និង vivo Y20i នឹងមានលក្ខណៈដូចគ្នាលើកលែងតែនៅលើ 3 ចំណុចប៉ុណ្ណោះនោះគឺរ៉េម បច្ចេកវិទ្យាសាកថ្ម និងពណ៌។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺមានការចែករំលែកចេញពី Mukul Sharma ឬ @stufflistings ដែលធ្វើការបង្ហោះនៅលើ Twitter ។ តាមការបញ្ជាក់ចេញពីរូបភាពជាច្រើននោះ ស្មាតហ្វូននេះគឺមានអេក្រង់ 6.51-inch Halo Full View Display (dew-drop notch) ។ ការបែកធ្លាយនេះមិនមានការបង្ហាញនូវប្រភេទ និងកម្រិតភាពច្បាស់នៃអេក្រង់របស់ស្មាតហ្វូននេះទេ។

ស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 460 ប៉ុន្តែស្មាតហ្វូន Y20 គឺមានរ៉េមទំហំ 4GB RAM បើធៀបទៅនឹងស្មាតហ្វូន Y20i គឺមានរ៉េមទំហំ 3GB RAM ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា 13MP (wide) + 2MP (macro) + 2MP (depth) ដែលមានការឌីស្សាញបញ្ឈរ។ វាមានកាមេរ៉ាខាងមុខទំហំ 8MP។ ស្មាតហ្វូននេះ ដំណើរការនូវ FunTouch OS 10.5 ដែលផ្អែកនៅលើ Android 10 និងមានថាមពលថ្មទំហំ 5,000mAh។ ស្មាតហ្វូន Y20 មានបច្ចេកវិទ្យាសាកថ្ម 18W Fast charging ខណៈពេលដែលស្មាតហ្វូន Y20i មានបច្ចេកវិទ្យាសាកថ្មធម្មតា។ ស្មាតហ្វូននេះ នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងមានពណ៌ Dawn White និង Obisidian Black (Y20) / Nebula Blue (Y20i) ផងដែរ៕
