នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការចំនួន 2 របស់ខ្លួននោះគឺ Hongmeng OS និង EMUI 11។ នៅក្នុងព្រឹត្តិការណ៍ Huawei Developer Conference (HDC) ក្រុមហ៊ុនបច្ចេកវិទ្យានេះ មិនបានលើកឡើងអ្វីអំពីស្មាតហ្វូន Mate 40 series នោះទេ។ នៅក្នុងព័ត៌មានថ្មីនេះ មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ ក៏មានវត្តមាននៅលើវេបសាយផងដែរ។ សម្រាប់រូបភាពនៃការផ្សព្វផ្សាយរបស់ EMUI 11 ក៏មានការផ្សព្វផ្សាយច្រើនខ្លាំងផងដែរ។ តាមការទម្លាយនៅក្នុងរូបភាពផ្សព្វផ្សាយនេះ ស្មាតហ្វូន Huawei mate 40 series ប្រហែលជានឹងប្រើប្រាស់នូវបច្ចេកវិទ្យា 66W wired fast charging ផងដែរ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូន Huawei Mate 40 series នេះគឺមានម៉ូឌែល Mate 40, Mate 40 Pro និង Mate 40 Pro+។ ស្មាតហ្វូនទាំងនេះ នឹងមានអេក្រង់ punch-hole ផងដែរ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានរង្វង់ “Halo” ដែលមានការឌីស្សាញទៅលើស្មាតហ្វូន Huawei Mate 30 series ផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Mate 40 series នឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធ EMUI 11។
សម្រាប់ Huawei EMUI 11 នឹងមានការពង្រឹងកាន់តែច្រើនទៅលើសមត្ថភាពនៅក្នុងការប្រើប្រាស់ដូចជាGPU Turbo, one-handed mode, gesture control, file sharing, security, flight mode និងជាច្រើនទៀត។ វាក៏មានការទ្រទ្រង់ទៅលើការប្រើប្រាស់នូវឧបករណ៍ច្រើនជាមួយគ្នា និងបច្ចេកវិទ្យាជាច្រើនទៀតដ៏សម្បូរបែបបំផុត។ ស្មាតហ្វូន Huawei Mate 40 series នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Kirin 9000 flagship processor ។ បន្ទះឈីបនេះប្រហែលជាបន្ទះឈីបចុងក្រោយបំផុតរបស់ Huawei Kirin នេះគឺដោយសារតែការហាមប្រាមពីសហរដ្ឋអាមេរិកនោះ។ មានការរំពឹងថា ស្មាតហ្វូន Huawei Mate 40 series នឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ៕