
ថ្មីៗនេះមានព័ត៌មានលេចលឺមកថា ស្មាតហ្វូន Galaxy S21 ដែលជា FAN Edition ឬ Galaxy S21 FE គឺមានតម្លៃខ្ទង់ប្រមាណជា 650 អឺរ៉ូ ឬប្រហែលជាង 736 ដុល្លារអាមេរិក ដែលតម្លៃនេះ គឺប្រហែលគ្នានឹងតម្លៃរបស់ Galaxy S20FE ដែលចេញកាលពីឆ្នាំទៅ (2020)។ ដូច្នេះ ក៏មានសំនួរចោទសួរថា ចុះសម្រាប់តម្លៃរបស់ Galaxy S22 Series ដែលចេញដើមឆ្នាំក្រោយវិញ អាចប្រែប្រួលខុសពីជំនាន់មុនដែរ ឬយ៉ាងណា?
ទាក់ទងនឹងបញ្ហានេះ បើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា សម្រាប់តម្លៃរបស់ Galaxy S22 អាចនឹងមានតម្លៃខ្ទង់ចាប់ពី $800 ឡើងទៅនៅទីផ្សារសហរដ្ឋអាមេរិក ដែលតម្លៃនេះ គឺប្រហែលគ្នានឹងជំនាន់ Galaxy S21 ដែលចេញឆ្នាំមុនដែរ។

ដោយឡែកសម្រាប់តម្លៃរបស់ Galaxy S21 FE នៅទីផ្សារអាមេរិកអាចនឹងមានតម្លៃខ្ទង់ $700 ដូចគ្នានឹងជំនាន់ Galaxy S20 FE ដែរ ហើយបើធៀបគ្នានឹងតម្លៃរបស់ Galaxy S21 FE និង Galaxy S22 គឺខុសគ្នាខ្ទង់ $100។

បើយោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងថា Samsung មានគម្រោងនាំចេញទូរស័ព្ទ Galaxy S22 ឲ្យបានចំនួន 14 លានគ្រឿង, Galaxy S22+ ឲ្យបាន 8 លានគ្រឿង និង Galaxy S22 Ultra ឲ្យចំនួន 11 លានគ្រឿងនៅឆ្នាំក្រោយនេះ។ ដូច្នេះ ការកំនត់តម្លៃរបស់ Galaxy S22 មិនឲ្យលើសពីជំនាន់មុន គឺកត្តារឿងសំខាន់ដើម្បីជម្រុញឲ្យដល់គោលដៅលក់ ព្រោះ ម៉ូដែលមួយនេះត្រូវបានគេរំពឹងថា នឹងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។

ក្រៅតែពីតម្លៃ នៅដើមឆ្នាំក្រោយនេះ Samsung ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញស្មាតហ្វូនម៉ូដែល FAN Edition ឬ Galaxy S21 FE នៅខែ មករា ក្នុងឆ្នាំ 2022 ខណៈម៉ូដែល Galaxy S22 Series អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែកុម្ភៈ៕
