
នៅទីបំផុត យើងបានឃើញវត្តមានកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងចេញពីក្រុមហ៊ុន Honor ហើយ ដោយវាពិតជាមានឈ្មោះផ្លូវការណ៍ថា Honor Magic V ដូចព័ត៌មានបែកធ្លាយនាពេលកន្លងមកមែន។ ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់សមត្ថិផលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Honor គឺជាការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ចុងក្រោយរបស់ Qualcomm ស៊េរី Snapdragon 8 Gen1 ដំបូងគេបង្អស់។
មកលើអេក្រង់វិញ Honor Magic V មានអេក្រង់បត់ខាងក្នុងទំហំ 7.9 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 6.45 អ៊ីញ។ ដែលអេក្រង់ខាងក្រៅនេះ គឺគាំទ្រកម្រិតល្បឿន refresh rate 120Hz លើខ្នាតទ្រវែងអេក្រង់ 21:9 និងគាំទ្រកម្រិតបង្ហាញ 2560x1080px។ អេក្រង់ខាងក្រៅរបស់ Magic V នេះ គឺប្រៀបបាននឹងអេក្រង់ស្មាតហ្វូនធម្មតាមួយដែរ ដោយសារតែវាមានផ្ទៃបង្ហាញធំទូលាយល្អ ហើយជាពិសេស គឺគាំទ្រកម្រិតពន្លឺខ្ពស់ដល់ទៅ 1000nits ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 431ppi ប្រើបច្ចេកវិទ្យាចាក់ពណ៌ 100% DCI-P3 និងគាំទ្រនូវមាតិកាកម្សាន្ត HDR10+ ថែមទៀតផង។

ចូលមកអេក្រង់បត់ខាងក្នុងទំហំ 7.9 អ៊ីញដែលជាអេក្រង់ OLED វិញ គឺគាំទ្រល្បឿន refresh rate 90Hz គាំទ្រកម្រិតបង្ហាញចេញ 2272x1984px លើខ្នាតអេក្រង់ 10.3:9 ratio ហើយអេក្រង់បត់នេះក៏គាំទ្រកម្រិតទឹកពណ៌ 10-bit ជាមួយកម្រិតពន្លឺជះចេញអស់ដល់ 800nits និងគាំទ្រមាតិកាវីដេអូ HDR10+ ផងដែរ។ ជាពិសេសបំផុតអេក្រង់របស់ Magic V គឺជាអេក្រង់ស្មាតហ្វូនបត់ដំបូងគេដែលទទួលស្គាល់ពីស្ថាប័ន IMAX Enhanced certification ទៀងផងទៅលើគុណភាពបង្ហាញ។

មកលើប្រព័ន្ធកាមេរ៉ាវិញ Honor Magic V ទទួលបានកញ្ចប់លែនខាងក្រោយចំនួន 3 គ្រាប់ដែលត្រូវបានរចនាឡើងជារង្វង់ស៊ីគ្នាដូចទៅនឹងកុងទ័រឌីជីថលរបស់រថយន្តប្រណិតអីចឹងដែរ ហើយនៅលើកញ្ចប់លែនទាំងបីដែល Magic V ទទួលបាន រួមមានសែនស័រគោល + សែនស័រ Ultra-wide រួមនឹងសែនស័រ Spectrum ទំហំ 50MP ដូចៗគ្នា។ ហើយសម្រាប់សែនស័រសែលហ្វីវិញ គឺមានចំនួនពីរគ្រាប់ទំហំធំដល់ទៅ 42MP ដូចគ្នាដោយមួយស្ថិតនៅលើកញ្ចក់អេក្រង់ខាងក្រៅ និងមួយទៀតស្ថិតនៅលើកញ្ចក់អេក្រង់បត់ខាងក្នុង ហើយជាលែនទំលុះអេក្រង់ដូចគ្នា។

Honor Magic V បានដំឡើងនូវបន្ទះឈីប Qualcomm Snapdragon 8 Gen1 ភ្ជាប់ដោយរ៉េម LPDDR5 ទំហំ 12GB រួមជាមួយម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB ដល់ 512GB UFS3.1។ Magic V មានទំហំ 4,750mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះខ្សែ USB-C កំលាំង 66W ប្រតិបត្តិការដោយ Magic UI6.0 ដែលគាំទ្រដោយ Android 12 ចេញពីប្រអប់ស្រាប់។ Honor Magic V ប្រសូត្រចេញមកជាមួយជម្រើសពីរពណ៌ គឺពណ៌ទឹកប្រាក់ហៅថា Titanium Silver និងទឹកក្រូចហៅថា Burnt Orange។

Honor នឹងប្រកាសចេញលក់ Magic V លើកដំបូងនៅទីផ្សារប្រទេសចិននៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022 ខាងមុខនេះ ជាមួយតម្លៃខ្ទង់ប្រហែល $1,570 សម្រាប់ម៉ូដែល 256GB និងដល់ $1,725 សម្រាប់ម៉ូដែល 512GB។ យ៉ាងណាក៏ដោយ Honor មិនទាន់បង្ហើបពីការនាំយកសមត្ថិផលស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួននេះ ទៅប្រកាសចេញលក់នៅទីផ្សារក្រៅពីប្រទេសចិននៅឡើយទេ៕
