
យោងតាមព័ត៌មានថ្មីមួយបាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បានចំនួន 2 ម៉ូឌែលនៅចុងឆ្នាំនេះហើយ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានដូចជាស្មាតហ្វូន Galaxy Z Fold 3 និងស្មាតហ្វូន Galaxy Z Flip 3។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ក៏មានរបាយការណ៍ជាច្រើន បាននិយាយដែរថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើប៊ិច S Pen ផងដែរ ស្របពេលដែលនៅពេលនេះ ក៏មានការទម្លាយដូចគ្នាថា ស្មាតហ្វូនដែលមានអេក្រង់បត់បាន ក៏នឹងមានមុខងារទ្រទ្រង់នូវ S Pen ផងដែរ។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ចេញពី LetsGoDigital ក៏បានបង្ហាញថា កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ក៏បានចុះនូវស្លាកសញ្ញាពាណិជ្ជកម្មជាមួយនឹងការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) រួចហើយសម្រាប់ឈ្មោះ“ Z Flip” ។ ស្លាកសញ្ញានេះ គឺស្ថិតនៅក្នុងក្រុម Class 9 ដែលនេះ គឺជាក្រុម ‘Smartphones, tablets, protective covers ; electronic pen; capacitive stylus’។ ដូចនេះ ស្មាតហ្វូន Galaxy Z Flip ពិតជាទ្រទ្រង់នូវ S Pen ពិតមែន។

បើទោះបីជាមានការបង្ហាញបែបនេះក៏ដោយ សម្រាប់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Galaxy Z Flip 3 នឹងប្រកាសបង្ហាញខ្លួននៅចុងឆ្នាំនេះ ជាមួយនឹងមុខងារនេះនៅឡើយទេ។ គ្រាប់តែដឹងថា ស្មាតហ្វូន Galaxy Z Fold 3 នឹងមានការទ្រទ្រង់នូវប៊ិច S Pen ហើយបន្ថែមពីនេះសម្រាប់ស្មាតហ្វូន Galaxy Z Flip 4 ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានមុខងារនេះផងដែរ៕
