ស្វែងរកពួកយើង:

Honor 50 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើបន្ទះឈីប Snapdragon 775G ហើយអាចនឹងមានសេវាកម្ម Google Service ថែមទៀតផង

ដោយ

Koun Jab Luffy

17 ឧសភា 2021 10:23 យប់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Qualcomm បានប្រកាសចេញនូវបន្ទះឈីបស៊េរីថ្មីរបស់ខ្លួនថ្មីមួយទៀត ដែលស្ថិតនៅក្នុងស្រឡាយរបស់ 7-Series ដែលមានឈ្មោះថា Snapdragon 780G។ បន្ទះឈីបនេះ គឺមានលេខម៉ូដែល SM7350 ដែលគេដឹងថា គឺជាសិស្សប្អូនរបស់បន្ទះឈីប Snapdragon 888។ យ៉ាងណាមិញ នៅថ្ងៃនេះ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង San Diego មួយនេះ ត្រូវបានគេដឹងថា គឺកមពុងតែធ្វើការនៅលើបន្ទះឈីបជំនាន់ថ្មីមួយទៀត ដែលមានលេខកូដ SM7325 និងមានឈ្មោះហៅថា Snapdragon 775G។
បន្ទះឈីបថ្មីនេះ គឺនឹងត្រូវប្រើប្រាស់ជាលើកដំបូងនៅលើស្មាតហ្វូន Honor 50 នេះបើយោងតាមការបបញ្ជាក់ពីព័ត៌មានថ្មីដែលទម្លាយចេញពីប្រទេសចិន ដែលកន្លងមកគឺតែងតែបានបញ្ចេញនូវព័ត៌មានទាក់ទងជាមួយនឹងស្មាតហ្វូន ក៏ដូចជាគ្រឿងអេឡិចត្រូនិកជាច្រើន។ ស្មាតហ្វូន Honor 50 គឺជាសិស្សប្អូនរបស់គេនៅក្នុងចំណោម Honor 50 Series ចំនួន 3 ម៉ូដែលស្របពេលដែលស្មាតហ្វូនសិស្សច្បង Honor 50 Pro and Honor 50 Pro+ ត្រូវបានគេជឿថា នឹងប្រើប្រាស់នូវបន្ទះឈីបFlagship Snapdragon 888។
Article image
ស្មាតហ្វូន Honor 50 Series ថ្មីនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីប្រកាសចេញនោះទេ  ប៉ុន្តែមានការសង្ស័យថា ស្មាតហ្វូននេះ អាចនឹងបង្ហាញវត្តមាននៅក្នុងខែមិថុណា និងចេញលក់ជាផ្លូវការណ៍នៅក្នុងខែកក្កដាខាងមុខនេះ។ សូមជំរាបផងដែរថា ជាមួយនិងការចាប់ដៃគ្នារវាង Honor និង ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនេះ  ត្រូវបានគេរំពឹងថា ស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ នឹងអាចប្រើប្រាស់នូវសេវកម្មរបស់ Google បាន។ មានន័យថា ក្រុមហ៊ុនចិនដែលទើបតែនឹងប្រកាសឯករាជ្រមួយនេះ នឹងអាចនាំយកស្មាតហ្វូនរបស់ខ្លួនមកប្រកួតប្រជែងជាមួយនឹងដៃគូបាននៅក្នុងសង្រ្គាមទីផ្សារដែលមានភាពពុះកញ្រ្ជោលមួយនេះ បន្ទាប់ពីក្រុមហ៊ុន Huawei បានដាំក្បាលចុះក្រោយពេលដែលមានការរឹតបន្តឹងពីសំណាក់អាមេរិក ដោយសារតែជំនួញពាណិជកម្មរវាងចិនកាលពីប៉ុន្មានឆ្នាំមុន។
Honor 50 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើបន្ទះឈីប Snapdragon 775G ហើយអាចនឹងមានសេវាកម្ម Google Service ថែមទៀតផង