
ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S21 FE បានបែកធ្លាយនៅលើអ៊ីនធឺរណិតជាមួយនឹងទម្រង់ 3D Renders ដែលបង្ហាញអំពីពណ៌របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានឈ្មោះហៅថា Galaxy S21 FE ហើយវាគ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ ដូចអ្វីដែលបានរំពឹងទុកនោះ ស្មាតហ្វូននេះ ក៏មានការបែកធ្លាយជាច្រើនរួចហើយនៅលើអ៊ីនធឺរណិតអំពីរូបរាងរបស់វានោះ។
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូន Galaxy S20 series ដែលក្នុងនោះ ក៏មានស្មាតហ្វូន Galaxy S20 FE (Fan Edition) ផងដែរ។ សម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់នេះ នោះគឺ Galaxy S21 series ក៏មានស្មាតហ្វូនប្រភេទ Fan Edition ផងដែរ ហើយវាមានឈ្មោះហៅថា Galaxy S21 FE។ បើនិយាយអំពីកាលបរិច្ឆេទលម្អិតនៃការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S21 FE នៅមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែរបាយការណ៍ជាច្រើនអះអាងថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនឆាប់ៗនេះ។

របាយការណ៍ជាច្រើនអះអាងថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ។ ពេលនេះ អ្នកទម្លាយព័ត៌មាន Evan Blass ក៏បង្ហាញរូបរាង 3D Renders របស់ស្មាតហ្វូន Galaxy S21 FE ផងដែរ។ បើមើលទៅលើរូបភាព 3D Renders នេះ ស្មាតហ្វូន Galaxy S21 FE មាន 5 ពណ៌ក្នុងការជ្រើសរើសនោះគឺ ខៀវ ស្វាយ ប្រផេះ បៃតង និងពណ៍ស។ ស្មាតហ្វូន Galaxy S21 FE នេះមានអេក្រង់ 6.4-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងកម្រិត refresh rate 120Hz ។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិត punch-hole ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32MP Selfie។

ស្មាតហ្វូននេះ មានបន្ទះឈីប Qualcomm Snapdragon 888 និង Exynos 2100។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូន Galaxy S21 FE នេះ មានកាមេរ៉ាខាងក្រោយដែលមានកាមេរ៉ាគោលទំហំ 12MP។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 OS ជាមួយនឹងOne UI 3.1.1 ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 15W Fast Wireless និង 25W Fast Wired Charging ផងដែរ៕
