
ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់សហរដ្ឋអាមេរិកគឺ Apple នឹងរៀបចំព្រឹត្តិការណ៍សម្ភោធចេញទូរស័ព្ទ iOS ជំនាន់ថ្មីគឺ iPhone 13 Series នៅថ្ងៃទី 14 ខែកញ្ញាសប្តាហ៍ក្រោយនេះ។ ខណៈពេលដែលយើងទាំងអស់គ្នាបាននឹងកំពុងទន្ទឹងរងចាំការមកដល់របស់ iPhone 13 Series ស្រាប់តែមានព័ត៌មានបែកធ្លាយថ្មីមួយដែលបាននិយាយពីទូរស័ព្ទ iOS ជំនាន់ថ្មីបន្ទាប់មួយទៀតគឺ iPhone 14 Series ដែលនឹងបង្ហាញវត្តមាននៅត្រីមាសទី 3 ក្នុងឆ្នាំ 2022។ ព័ត៌មានបែកធ្លាយដំបូងរបស់ iPhone 14 Series គឺបានបង្ហាញពីទម្រង់នៃការឌីស្សាញរបស់ទូរស័ព្ទជំនាន់ថ្មីបន្ទាប់មួយនេះដែលអាចជា iPhone 14 Pro Max។
សម្រាប់ព័ត៌មានដែលបានបែកធ្លាយដំបូងនេះ គឺចេញពីលោក Jon Prosser ដែលជាអ្នកទម្លាយ និងចែកចាយព័ត៌មានចចាមអារាមពីផលិតផលបច្ចេកវិទ្យាថ្មីៗដ៏ល្បីឈ្មោះមួយរូប ដែលលោកបានបង្ហាញវីដេអូពីគំរូ iPhone 14 Pro Max នៅលើឆានែលយួធូប FRONT PAGE TECH របស់លោក។ នៅក្នុងវីដេអូនេះលោក Jon Prosser បានពិពណ៌នាអំពីទម្រង់នៃការឌីស្សាញរបស់ iPhone 14។

បើតាមរូបភាព និងការពណ៌នារបស់លោក Jos Prosser នៅក្នុងវីដេអូនេះយើងឃើញថា ទម្រង់នៃការឌីស្សាញនៅលើ iPhone 14 គឺមានការកែប្រែច្រើនបើធៀបនឹងទម្រង់ឌីស្សាញនៅលើ iPhone 12 Series និង 13 Series ដែលត្រៀមចេញឆាប់ៗនេះ។ យើងពិនិត្យឲ្យច្បាស់បន្តិចទៅឃើញថានៅលើស៊ុមជុំវិញរបស់គំរូ iPhone 14 Pro Max គឺមានលក្ខណៈដូចគ្នាមែនទែនទៅនឹង iPhone 4 Series ដែលចេញកាលពីជាង 10 ឆ្នាំមុន។
ប្រភពបានបញ្ជាក់ថា ស៊ុមរបស់ iPhone 14 Series គឺនឹងប្រើនូវលោហៈធាតុប្រភេទទីតាញ៉ូមដែលផ្តល់នូវភាពធន់រឹងមាំជាងស៊ុមដែកអ៊ីណុកនៅលើ iPhone បច្ចុប្បន ចំនែកឯរន្ធ Speaker បំពងសំឡេងឃើញថាមានសណ្ឋានដូចគ្នាទៅនឹង iPhone 4 Series ដែរ។ ជាមួយគ្នានេះដែរសម្រាប់សាកថ្មប្រភេទ Lightning ក៏អាចនឹងនៅតែបន្តប្រើនៅលើ iPhone ដែលចេញនៅឆ្នាំ 2022 ផងដែរ។

យើងដឹងហើយថាសម្រាប់បន្ទះអេក្រង់ដែលនឹងប្រើនៅលើ iPhone 13 Series ដែលត្រៀមចេញនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ គឺនៅរក្សាថ្ងាសឆកដូចជំនាន់ 12 Series ដដែល គ្រាន់តែថាអាចនឹងពង្រួមទំហំតូចជាងមុនបន្តិចប៉ុណ្ណោះ។ យ៉ាងណាមិញគេរំពឹងថា Apple នឹងប្តូរអេក្រង់ឆកធំនេះចេញសម្រាប់ iPhone 14 Series ដែលចេញនៅឆ្នាំក្រោយដោយប្រើនូវបន្ទះអេក្រង់មានលែនទំលុះថ្ងាសមួយគ្រាប់ភ្ជាប់ជាមួយបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ដូចទូរស័ព្ទ Android កំពូលៗក្នុងពេលបច្ចុប្បន្ននេះជំនួសអោយ Face ID ថែមទៀតផង។

ដោយឡែកសម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយវិញ លោក Jon Prosser បានបញ្ជាក់ថា គឺរក្សានៅទម្រង់ដូចជំនាន់ iPhone 12 Series និង 13 Series ដដែល គ្រាន់តែ Apple អាចនឹងធ្វើឲ្យលែនកាមេរ៉ាមានសណ្ឋានរាបស្មើជាប់ផ្ទៃតួរជាងបន្តិច គឺមិនឲ្យលៀនចេញខ្លាំងទៀតនោះទេ (ដូចរូបគំរូបដែលបានបង្ហាញមកនេះ)៕
