ស្វែងរកពួកយើង:

តោះៗ មកដឹងពីផលិតផល Apple ថ្មីៗណាខ្លះ ដែលនឹងមានការបង្ហាញវត្តមាននៅក្នុងពឹ្រតិ្តការណ៍ 14 កញ្ញានៅថ្ងៃស្អែកនេះ

ដោយ

Koun Jab Luffy

13 កញ្ញា 2021 02:56 រសៀល

អាន 4 នាទី

Article image
Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួននៅថ្ងៃស្អែកទី 14 ខែកញ្ញា ឆ្នាំ 2021។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃស្អែកនេះ Apple ត្រូវបានគេដឹងថានឹងដាក់បង្ហាញចេញនូវផលិតផលថ្មីៗជាច្រើន ហើយខាងក្រោមនេះគឺជាផលិតផលដែលគេសន្មត់ថានឹងបង្ហាញវត្តមាននៅក្នុងពឹ្រតិ្តការណ៍ 14 កញ្ញា៖
-iPhone 13 Series
ទូរស័ព្ទ iOS  ជំនាន់ថ្មីខាងលើនេះគឺជាតួរអង្គសំខាន់នៅក្នុងព្រឹត្តិការណ៍ 14 កញ្ញា ស្អែកនេះ។ ទូរស័ព្ទ iOS ជំនាន់ថ្មីនេះគឺមាន 4 ម៉ូដែលដូចជំនាន់ទី 12 Series ដែរ គឺមាន iPhone 13 mini, iPhone 13/13 Pro និង 13 Pro Max។ បើតាមប្រភពចចាមអារាមកន្លងមកបាននិយាយថា iPhone ជំនាន់ថ្មីទាំង 4 ម៉ូដែលគឺរក្សាទម្រង់នៃការរចនាដូចជំនាន់មុនដដែល។ ដោយ iPhone 13 mini គឺមានអេក្រង់ 5.4 អ៊ីង, iPhone 13/ 13 Pro មានអេក្រង់ទំហំ 6.1 អ៊ីញ និង 13 Pro Max មានអេក្រង់ទំហំ 6.7 អ៊ីញ។ ប៉ុន្តែអេក្រង់ម៉ូដែល Pro ទាំងពីរនឹងប្រើបច្ចេកវិទ្យាអេក្រង់ LTPO-OLED កម្រិត 120Hz ProMotion និងគាំទ្រមុខងារ Always On Display ថែមទៀតផង។
Article image
ទូរស័ព្ទ iOS ជំនាន់ថ្មីទាំងអស់នឹងប្រើបន្ទះឈីប A15 Bionic, ប្រតិបត្តិការដោយ iOS15, មានថ្មទំហំធំជាងមុន និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W។ បន្ថែមពីនេះ iPhone 13 Series ក៏មានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងជាងមុន និងមានមុខងារថ្មីៗមួយចំនួនសម្រាប់ការថតរូប និងវីដេអូផងដែរ។ ទៅលើទំហំផ្ទុកវិញ iPhone 13 mini គឺមានជម្រើសចាប់ពី 64GB ដល់ 128GB, iPhone 13  មានជម្រើសចាប់ពី 128GB ដល់ 256GB, iPhone 13 Pro និង 13 Pro Max អាចជម្រើសចាប់ពី 128GB, 512GB ដល់ 1TB។ iPhone 13 mini និង iPhone 13 នឹងមានជម្រើសរហូតដល់ទៅ 6 ពណ៌ មានដូចជា ខ្មៅ ស ខៀវ ស្វាយ ផ្កាឈូក និងក្រហម ដែលជា Product RED Edition។ ហើយសម្រាប់ iPhone 13 Pro និង 13 Pro  Max វិញគឺមានជម្រើស 4 ពណ៌ដូចជាខ្មៅ ទឹកប្រាក់ ទឹកមាស និងទង់ដែង។
Article image
-Apple Watch Series 7
ចំនែកតួរអង្គសំខាន់បន្ទាប់ពី iPhone 13 Series គឺនាឡិកាដៃ Apple Watch Series 7 នេះឯង។ បើតាមប្រភពបានបង្ហើបឲ្យយើងដឹងថា Apple នឹងនាំយកម៉ូដែលទំហំ 40mm និង 44mm ដែលចេញកាលពីឆ្នាំ 2018 មកប្រើនៅលើនាឡិកាឆ្លាតវៃជំនាន់ទី 7 របស់ខ្លួនវិញ។ ប៉ុន្តែ ក៏មានប្រភពមួយចំនួនទៀតបានបញ្ជាក់ថា Apple Watch Series 7 នឹងបង្កើនទំហំធំជាងមុនប្រមាណ 1mm ជាមួយទំហំឡើងដល់ 41mm និង 45mm។ បន្ថែមពីនេះ Apple ក៏ធ្វើការប្តូរទម្រង់រចនា Apple Watch Series 7 ផងដែរ ដោយនឹងមានកម្រាស់តួរនាឡិកាស្តើង និងមានអេក្រង់រាបប្រភេទ Flat-Panel មានគែម bezel ស្តើងជាងមុនថែមទៀតផង។ Apple Watch Series 7 នឹងប្រើបន្ទះឈីបជំនាន់ថ្មី Apple S7 ដែលបង្កើនផលិតភាពលើមុខងារ  UWB ឲ្យមានស្ថិរភាពតភ្ជាប់ល្អជាងមុន និងមានថ្មទំហំធំជាងមុនផងដែរ។ ជាមួយគ្នានេះដែរ Apple ក៏នឹងបំពាក់នូវសែនស័រសំខាន់ៗថ្មីៗមួយចំនួនដូចជា សែនស័រវាស់កំដៅ វាស់កម្រិតជាតិស្ករ និងជាតិអាល់កុលជាដើម។ ប៉ុន្តែ បើតាមប្រភពល្បីៗមួយចំនួនបានបញ្ជាក់ថា Apple អាចនឹងពន្យាពេលក្នុងការចេញលក់ Apple Watch Series 7 ដោយសារតែមានបញ្ហាលើផ្នែកសង្វាក់ផលិត។
Article image
-iPad mini 6
បច្ចុប្បន្នកំពូល iPad Pro ដែលប្រើបន្ទះឈីប M1 គឺមានតម្លៃខ្ពស់ខ្លាំងដែលធ្វើឲ្យអតិថិជនភាគច្រើនបែបទៅរកកំពូល Android Tablets វិញ។ ដូច្នេះហើយទើប Apple បានផលិត iPad ដែលមានតម្លៃធូរថ្លៃដើម្បីលួងចិត្តអតិថិជនដែលស្រឡាញ់ផលិតផលរបស់ខ្លួន។ ហើយនៅថ្ងៃទី 14 កញ្ញា ស្អែកនេះ គេរំពឹងថា Apple នឹងបង្ហាញចេញនូវ iPad ស៊េរីថ្មីលំដាប់ថវិកាគឺ iPad mini 6 ផងដែរ។ iPad ជំនាន់ថ្មីនេះត្រូវបានគេរាយការណ៍ថា នឹងមានអេក្រង់ទំហំ 8.4 អ៊ីញ Liquid Retina Display 60Hz និងមានទំហំវិមាត្ររួម 206x138x6.1mm។ iPad mini 6  នឹងប្រើឈីប A14 Bionic របស់ iPhone 12 Series គាំទ្រប្រព័ន្ធសេវា 5G និងមានជម្រើសទំហំ 64GB,128GB ដល់ 256GB។ iPad លំដាប់ថវិកាជំនាន់ថ្មីនេះ នឹងប្តូរសែនស័រស្កែនក្រយ៉ៅម្រាមដៃ “Touch ID” ពីលើគែម bezel អេក្រង់ទៅដាក់នៅលើស៊ុមចំហៀងខាងស្តាំវិញ ហើយក៏នឹងគាំទ្រការប្រើប្រាស់ជាមួយប៊ិច Apple Pencil 3 ផងដែរ។ iPad mini 6  អាចមានជម្រើសច្រើនពណ៌ដូច iMac ដែរដូចជា ពណ៌ប្រផេះ,ទឹកប្រាក់, ផ្កាឈូក,បៃតង និងខៀវ (ផ្ទៃមេឃ)។
Article image
-AirPods 3
ជាមួយគ្នាដែរ Apple ក៏នឹងប្រកាសចេញកាសស្តាប់ឥតប្រើខ្សែស៊េរីថ្មីដែលមានតម្លៃធូរថ្លៃគឺ AirPods 3 ព្រោះថា AirPod Pro ត្រូវបានគេដឹងថានឹងមកដល់នៅឆ្នាំ 2022 មិនមែនឆ្នាំនេះទេ។ AirPod 3 ត្រូវបានប្រភពមួយចំនួនបានបញ្ជាក់ថា គឺនឹងមានការឌីស្សាញស្ទើរតែដូចគ្នាទាំងស្រុងជាមួយនឹងកាសស៊េរីខ្ពស់ AirPod Pro ដែរ ហើយនឹងគាំទ្របច្ចេកវិទ្យាសំឡេង Spatial Audio និងមានមុខងារទប់សំឡេងរំខានកម្រិតខ្ពស់គឺ Active Noise Cancellation (ANC) ថែមទៀតផង។
Article image
-ប្រតិបត្តិការជំនាន់ថ្មី
ក្រៅតែពីប្រកាសចេញផលិតផលជំនាន់ថ្មីៗហើយ Apple ក៏នឹងបង្ហាញពីប្រតិបត្តិការសម្រាប់ផលិតផល iDevices ជំនាន់ថ្មីចុងក្រោយរបស់ខ្លួនផងដែរក្នុងនោះរួមមាន ប្រតិបត្តិការ iOS15, iPadOS15, watchOS 8 និង tvOS15 ជាដើម។ ប៉ុន្តែ បើតាមប្រភពបានបញ្ជាក់ថានៅថ្ងៃទី 14 កញ្ញា ស្អែកនេះ គឺមិនមានវត្តមានកុំព្យូទ័រយួរដៃ Macbook Pro 14” និង 16” ដែលបំពាក់អេក្រង់ mini-LED Display ជាមួយឈីបជំនាន់ថ្មី Apple M1X នោះទេ ដោយប្រភពបានបញ្ជាក់ថា Apple នឹងប្រារព្ធព្រឹត្តិការណ៍ពិសេសដាច់ដោយឡែកមួយទៀតនៅខែបន្ទាប់ (ខែតុលា) ដែលទំនងជាព្រឹត្តិការណ៍ប្រកាសចេញ Macbook Pros ជំនាន់ថ្មីខាងលើនេះ៕
តោះៗ មកដឹងពីផលិតផល Apple ថ្មីៗណាខ្លះ ដែលនឹងមានការបង្ហាញវត្តមាននៅក្នុងពឹ្រតិ្តការណ៍ 14 កញ្ញានៅថ្ងៃស្អែកនេះ