
យោងតាមព័ត៌មាននៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung កំពុងតែពិចារណាក្នុងការផលិតនូវនាឡិកា Galaxy Smartwatch ដែលដំណើរការនូវប្រព័ន្ធ Solar។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ កំពុងតែមានការមមាញឹកយ៉ាងខ្លាំងទៅលើគំនិតនៅក្នុងការប្រើប្រាស់នូវសូឡានៅលើនាឡិកា Galaxy Watch ដែលខ្លួនទទួលបានប៉ាតង់ដែលបានស្នើនៅក្នុងឆ្នាំ 2019។
LetsGoDigital បានបញ្ជាក់ថា ប៉ាតង់នេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី 16 ខែកញ្ញានេះនៅក្នុងការិយាល័យប៉ាតង់ និងស្លាកសញ្ញារបស់អាមេរិក (USPTO)។ នៅក្នុងប៉ាតង់នេះមានការបង្ហាញអំពីនាឡិកា Galaxy Smartwatch ប៉ុន្តែខ្សែរបស់វាគឺជាប្រភេទ Solar ។ ប៉ាតង់នេះនៅមិនទាន់មានការចង្អុលបង្ហាញព័ត៌មានបន្ថែមនោះទេ។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់នូវ Solar នេះគឺនៅចំណាយពេលយូរជាងការសាកថ្មធម្មតា។ ក្រុមហ៊ុន Samsung ធ្លាប់ប្រើប្រាស់វាជាឧបករណ៍ជំនួយប៉ុណ្ណោះនៅក្នុងការសាកថ្ម។

កាលពីពេលមុននេះ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រើប្រាស់នូវ Solar នៅលើ Samsung Galaxy Watch ផងដែរ។ ប៉ុន្តែយើងនៅមិនទាន់ឃើញបច្ចេកវិទ្យានេះ ប្រើប្រាស់នៅលើនាឡិកា Galaxy Watch 4 series ថ្មីនេះទេ។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung នឹងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវថាមពល Solar នេះនៅលើឧបករណ៍កាន់តែច្រើនរបស់ខ្លួន។ ក្រុមហ៊ុននេះទើបតែប្រើប្រាស់នូវ Solar នេះនៅលើ QLED smart TV remote ។ក្រុមហ៊ុននេះថ្មីៗនេះក៏ទើបតែប្រើប្រាស់នូវថាមពលប្រើឡើងវិញ 100% ទៅលើរោងចក្រជាច្រើនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងចិនផងដែរ៕
