
ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន ZTE ត្រៀមប្រកាសចេញកំពូលស្មាតហ្វូនបង្កប់កាមេរ៉ាសែលហ្វីជំនាន់ថ្មី គឺ ZTE Axon 40 Series នៅក្នុងប្រទេសចិននៅថ្ងៃទី 09 ខែ ឧសភា ខាងមុខនេះ។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថាមានបងប្អូនចំនួន 3 ស៊េរី គឺ ZTE Axon 40, Axon 40 Pro និង Axon 40 Ultra។ ស្របពេលដែលការបង្ហាញខ្លួនកាន់តែខិតជិតចូលមកដល់ ZTE ក៏បានទម្លាយចេញនូវគុណសម្បត្តិជាបន្តបន្ទាប់របស់ ZTE 40 Series ផងដែរ។
ដូចជាពេលនេះអីចឹង ZTE បានបង្ហាញចេញនូវផ្ទាំងផ្សព្វផ្សាយថ្មីមួយដែលបង្ហាញពីឈីបសុវត្ថិភាពជំនាន់ថ្មី និងប្រព័ន្ធកាមេរ៉ារបស់កំពូលស្មាតហ្វូនជំនាន់ថ្មីខាងលើនេះ។ ក្រុមហ៊ុន ZTE បានបញ្ជាក់ផ្លូវការណ៍ថា Axon 40 Series គឺនឹងបំពាក់មកជាមួយនឹងប្រព័ន្ធឈីបសុវត្ថិភាពឯករាជផ្ទាល់ខ្លួន (Security Chip) ដើម្បីការពារសុវត្ថិភាពប្រើប្រាស់ផ្នែកសំខាន់ៗជាច្រើនរបស់ទូរស័ព្ទ។ ប្រព័ន្ធឈីបសុវត្ថិភាពឯករាជនៅលើ Axon 40 Series គឺមានតួនាទីកទៅលើប្រតិបត្តិការលើប្រព័ន្ធសុវត្ថិភាព Encryption និង authentication។
បន្ថែមពីនេះមកលើប្រព័ន្ធកាមេរ៉ាវិញ Axon 40 Pro គឺនឹងបំពាក់នូវសែនស័រកាមេរ៉ាទំហំ 100MP។ ដោយកាលពីពេលថ្មីៗនេះ ZTE បានបង្ហាញថា ម៉ូដែល Axon 40 Ultra គឺមានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដោយប្រើនូវសែនស័រ Sony IMX787 ទំហំ 64MP ជា Primary Sensor រួមនឹងសែនស័រ OmniVision OV64GB ទំហំ 64MP ជា Ultra-wide និងជា Telephoto ផងដែរ។

ជាងនេះទៅទៀត Axon 40 Series ក៏នឹងបំពាក់មកជាមួយប្រព័ន្ធ Speaker បំពងសំឡេងជំនាន់ថ្មីដែលនឹងផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូន។ ហើយប្រព័ន្ធ Speaker របស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងគាំទ្រនូវបច្ចេកវិទ្យាសំឡេង Snapdragon Sound និង dtsX Ultrasound Technology របស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ កំពូលស្មាតហ្វូនជំនាន់ថ្មី ZTE Axon 40 Series ក៏នឹងបំពាក់មកជាមួយកំពូលឈីប Snapdragon 8 Gen 1 ជាមួយប្រព័ន្ធកាមេរ៉ាសែលហ្វីបង្កប់ក្រោមអេក្រង់ជំនាន់ថ្មីធ្វើការកាន់តែប្រសើរជាងមុន ក៏ដូចជាមានគែមអេក្រង់ស្តើងជាងជំនាន់មុនផងដែរ៕
