
បច្ចុប្បន្នក្រុមហ៊ុន Samsung Electronics បាននឹងកំពុងដំណើការសាងសងរោងចក្រផលិតបន្ទះឈីបថ្មីរបស់ខ្លួននៅក្នុងតំបន់ Austin ក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក។ ដោយរោងចក្រថ្មីនេះ គ្រោងចំនាយលើការសាងសងគិតជាសាច់ប្រាក់ចំនួន 17 ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះ បាននឹងកំពុងគិតគួរក្នុងការសាងសងរោងចក្រផលិតបន្ទះឈីបបន្ថែមទៀតនៅក្នុងតំបន់នេះផងដែរ។
តាមពិតទៅ Samsung បានដាក់ពាក្យស្នើសុំការលើកលែងពន្ធសម្រាប់ការគាំទ្រដល់គម្រោងសាងសងរោងចក្រចំនួន 11 បន្ថែមទៀត ដែលខ្លួនចង់សាងសង់នៅក្នុងរដ្ឋតិចសាស់ស្ថិតក្នុងតំបន់ Taylor និង Manor។ ជាក់ស្តែងបើតាមទំហំទឹកប្រាក់ដែល Samsung ស្នើរសុំការលើកលែងពន្ធក្នុងការសាងសងរោងចក្រទាំង 11 របស់ខ្លួន គឺមានចំនួនដល់ទៅ 4.8 ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ប្រសិនបើការស្នើសុំនេះបរាជ័យ មានន័យថា គម្រោងការសាងសងរោងចក្របន្ថែមពី Samsung គឺមិនអាចដំណើរការទៅបាននោះទេ។ ប៉ុន្តែ បើ Samsung ទទួលបានការបន្ធួបន្ថយពន្ធពីអាជ្ញាធនក្នុងតំបន់នោះ ការវិនិយោគសម្រាប់ការសាងសងរោងចក្រផលិតឈីបទាំង 11 គឺចំនាយទឹកប្រាក់សរុបចំនួន 192 ពាន់លានដុល្លារអាមេរិក។

Samsung អាចបង្កើតការងារសម្រាប់អ្នករស់នៅក្នុងតំបន់បានច្រើនជាង 10,000 នាក់។ ហើយប្រសិនបើដំណើរការសាងសងទទួលបានជោគជ័យ វាក៏ជាការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅកណ្តាលរដ្ឋតិចសាស់។ ក្នុងនោះរោងចក្រចំនួន 2 ក្នុងចំនួន 11 រោងចក្រថ្មីនឹងត្រូវសាងសង់នៅក្នុងតំបន់ Austin និង 9 រោងចក្រទៀតនឹងសាងសង់នៅក្នុងតំបន់ Taylor ដែលជាតំបន់ដែលមានប្រជាជនរស់នៅប្រមាណ 17,000 នាក់ ដែលមានចំងាយប្រមាណ 25 ម៉ាយល៍ពីភាគឦសាននៃតំបន់ Austin។
សម្រាប់ទំហំទឹកប្រាក់ដែលត្រូវវិនិយោគក្នុងសាងសង់រោងចក្រទាំងពីរក្នុងតំបន់ Austin ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន 25.4 ពាន់លានដុល្លារ និងអាចផ្តល់ការងារបានចំនួន 1,500 នាក់។ ចំនែកឯគម្រោងក្នុងការសាងសង់រោងចក្រទាំង 9 នៅក្នុងតំបន់ Taylor វិញ គ្រោងចំនាយទឹកប្រាក់ 167.6 ពាន់លានដុល្លារអាមេរិក និងអាចផ្តល់ការងារបានចំនួន 8,200 នាក់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុនខ្លួនទើបតែបានដាក់ឯកសារពាក់ព័ន្ធដើម្បីស្នើរសុំការលើកលែនពន្ធពីអាជ្ញាធរក្នុងតំបន់ដើម្បីជាការលើកទឹកចិត្តក្នុងគម្រោងការសាងសងរោងចក្រផលិតឈីប ដែលជាយន្តការក្នុងការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុមហ៊ុន។ Samsung កំពុងស្វែងរក "ការវាយតម្លៃលទ្ធភាពនៃការសាងសង់រោងចក្រផលិតបន្ថែមនៅក្នុងសហរដ្ឋអាមេរិក"។ កម្មវិធីលើកទឹកចិត្តរបស់រដ្ឋតិចសាស់ត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំនេះ ដូច្ននេះ តម្រូវឲ្យយើងប្រញាប់ប្រញាល់ក្នុងការសម្រាប់ដាក់ពាក្យសុំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ព្រោះតែ យើងហាក់មានភាពយឺតយ៉ាវបន្តិចជុំវិញបញ្ហានេះ៕
