កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Honor ដែលជាម៉ាកយីហោដ៏ធំរបស់ប្រទេសចិន បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Magic 4 Series នៅក្នុងទីផ្សាររបស់ប្រទេសចិន ហើយក៏បានបញ្ចេញនៅលើទីផ្សារមួយចំនួនទៀតផងដែរ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ ត្រូវបានគេទម្លាយថា នឹងបញ្ចេញស្មាតហ្វូន Magic 5 Series ដែលស្មាតហ្វូននេះនឹងមានវត្តមាននៅក្នុងពេលណាមួយនៅក្នុងត្រីមាសទី 1 នៅឆ្នាំក្រោយនេះ។
យោងតាមព័ត៌មានថ្មីដែលចេញពី Digital Chat Station ក៏បានទម្លាយចេញអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូនប្រណិតនេះផងដែរ ហើយនៅមុនព្រឹត្តិការណ៍នៃការសម្ភោធចូលមកដល់នោះ ក៏មានការលេចធ្លាយនូវអេក្រង់របស់ស្មាតហ្វូន Magic 5 ដោយបញ្ជាក់ថា នឹងមានទំហំ 6.78 អ៊ីង ខណៈពេលដែលស្មាតហ្វូន Magic 5 Pro មានអេក្រង់ទំហំ 6.81 អ៊ីង។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេបញ្ជាក់បន្ថែមទៀតថា នឹងមានអេក្រង់ដែលទ្រទ្រង់នូវបច្ចេកវិទ្យា LTPO technology និងហើយនិង PWM Dimming ថែមទៀត។
បើផ្អែកទៅលើរបាយការណ៍ជាច្រើនមុននេះ ក៏បានធ្លាប់បានបញ្ជាក់ដែរថា ស្មាតហ្វូន Honor Magic 5 series នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 2 SoC។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 13-Megapixel និងមានការទ្រទ្រង់នូវសេនស័រ ToF 3D ទៀតផង។ សម្រាប់កាមេរ៉ាក្រោយវិញ គឺមានការប្រើប្រាស់កាមេរ៉ាគោលដែលមានទំហំ 50-Megapixel៕