Motorola ត្រៀមប្រកាសចេញស្មាតហ្វូនបត់ពីរម៉ូដែល ដើម្បីដណ្តើមចំនែកទីផ្សារ Samsung នៅឆ្នាំក្រោយនេះ

បច្ចុប្បន្ន Samsung នៅតែជាស្តេចគ្រងដំណែងក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់។ ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនរបស់ប្រទេសចិនក៏បានហក់ចោលក្នុងវិស័យស្មាតហ្វូនមួយនេះផងដែរ ក្នុងនោះរួមមានក្រុមហ៊ុន Motorola ផងដែរ ដោយក្រុមហ៊ុនមួយនេះ បានប្រកាសចេញស្មាតហ្វូនបត់បែបសម្បកគ្រុំ ឬ Clamshell ដំបូងរបស់ខ្លួនក្រោមស្លាកឈ្មោះថា Moto Razr ក្នុងឆ្នាំ 2019។

ទោះជាយ៉ាងណាស្មាតហ្វូនបត់ដំបូងរបស់ក្រុមហ៊ុននេះមិនទទួលបានជោគជ័យឡើយដោយសារតែមានតម្លៃរាងថ្លៃ ប៉ុន្តែមានគុណសម្បត្តិទាបដូចជាការបំពាក់កាមេរ៉ាក្រោយមួយគ្រាប់ទំហំត្រឹម 16MP និងមានថ្មតូចត្រឹម 2,500mAh ដែលជាហេតុធ្វើឲ្យស្មាតហ្វូនចេញពីក្រុមហ៊ុនចិននេះមិនអាចប្រជែងជាមួយ Galaxy Z Flip របស់ Samsung បាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះបីជាមិនជោគជ័យលើស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនក្តី ក៏ Motorola ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Lenovo បានបន្តអភិវឌ្ឍន៍បន្ថែម និងបានបញ្ចេញជំនាន់ថ្មីៗមកជាបន្តបន្ទាប់ ដូចជានៅដើមឆ្នាំ 2022 នេះ Moto Razr ជំនាន់ថ្មីត្រូវបានប្រាកដរូបរាងឡើងជាមួយនឹងការកែប្រែការឌីស្សាញថ្មីមួយចំនួន និងបំពាក់គុណសម្បត្តិកំពូលៗតែម្តង ហើយនិងចេញលក់ក្នុងតម្លៃធូរថ្លៃ ប៉ុន្តែ Moto Razr 2022 នៅតែមិនមែនជាដៃគូប្រជែងទីផ្សារជាមួយ Samsung Galaxy Z Flip 4 ដដែល។

មិនបោះបង់ក្តីសង្ឃឹមរបស់ខ្លួនត្រឹមនេះនោះទេ ដោយតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា Lenovo ដែលជាក្បាលម៉ាស៊ីន Motorola បច្ចុប្បន្ន បានត្រៀមយុទ្ធសាស្ត្រថ្មីសម្រាប់វាយប្រហារដណ្តើមចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់ជាមួយ Samsung នៅក្នុងឆ្នាំ 2023។ បើតាមប្រភពព័ត៌មានបញ្ជាក់ថា Motorola នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ Moto Razr ចំនួន 2 ម៉ូដែលនៅក្នុងឆ្នាំ 2023 ខាងមុខនេះដោយស្មាតហ្វូនអេក្រង់បត់ទាំងពីរម៉ូដែលនោះ គឺប្រើឈ្មោះកូដសំគាល់ម៉ូដែលថា “Juno” និង “ Venus”។ 

ដំណឹងនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Samsung មានការខ្វល់ខ្វាយក្រហាយហរទ័យបន្តិចដែរ ប្រសិនបើ Motorola បានប្រកាសចេញស្មាតហ្វូនអេក្រង់ម្តងពីរម៉ូដែលមែននោះ។ ម៉្យាងទៀតក្រុមហ៊ុន Motorola អាចនឹងប្រកាសចេញស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ខ្លួននៅឆមាសដំបូងនៅឆ្នាំក្រោយនេះ ខណៈដែល Samsung នឹងប្រកាសចេញស្មាតហ្វូនបត់ជំនាន់បន្ទាប់របស់ខ្លួន Galaxy Z Fold 5 និង  Z Flip 5 នៅឆមាសទីពីរ។ ដូចនេះ Motorola អាចមានប្រៀបទីផ្សារជាង Samsung បន្តិច។ មិនមែនមានតែ Motorola នោះទេដែលត្រៀមដណ្តើមទីផ្សារស្មាតហ្វូនអេក្រង់បត់ជាមួយ Samsung ចំនែក OPPO វិញក៏ត្រូវបានគេមើលឃើញថាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់បែប Clamshell មួយទៀតដើម្បីដាក់ប្រជែងទីផ្សារជាមួយ Samsung Galaxy Z Flip Series ផងដែរនៅក្នុងឆ្នាំ 2023៕

 

 

ព័ត៌មានពាណិជ្ជកម្ម