ស្វែងរកពួកយើង:

BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 03:15 រសៀល

អាន 3 នាទី

Article image
BYD គឺជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីលំដាប់លេខពីរក្នុងពិភពលោកបន្ទាប់ពី Tesla ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងឈានមុខក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោករបស់ប្រទេសចិនមួយនេះបានកាន់កាប់ចំនែកទីផ្សារថ្មអគ្គិសនីប្រមាណ 15.8% ក្នុងឆ្នាំ 2023។ ការផលិតថ្មអគ្គិសនីចម្បងរបស់ BYD គឺសម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។  ប៉ុន្តែ ការប្រើប្រាស់ទ្រង់ទ្រាយធំសម្រាប់ម៉ូតូអគ្គិសនី កង់អគ្គិសនី និងប្រភេទទោចក្រយានយន្តកង់ពីរផ្សេងទៀត គឺមិនត្រូវបានប្រើប្រាស់នោះទេ។
យ៉ាងណាមិញការផ្លាស់ប្តូរនិន្នាការទីផ្សារ គឺនឹងត្រូវបានផ្លាស់ប្តូរក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារ BYD បានប្រកាសថា ខ្លួននឹងធ្វើការបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ខ្លួនសម្រាប់ការផលិតថ្មអគ្គិសនីដើម្បីបំពេញតម្រូវការប្រើប្រាស់សម្រាប់វិស័យទោចក្រយានយន្ត (Two-wheeler)។ FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានបង្ហោះនៅថ្ងៃនេះនៅលើគណនី WeChat របស់ខ្លួនថា ក្រុមហ៊ុននឹងផលិតថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ទីផ្សារទោចក្រយានយន្ត (Two-wheeler)។ FinDreams នឹងសហការជាមួយភាគីទីបីផ្សេងៗដើម្បីបង្កើតថ្មដែលអាចប្រើសម្រាប់ផលិតផលក្នុងផ្ទះរបស់ពួកគេបាន។ ដោយក្រុមហ៊ុនបានប្រកាសថា "បេសកកម្មរបស់យើង គឺអនុញ្ញាតឱ្យមនុស្សប្រើថ្មអគ្គិសនីដោយគ្មានការព្រួយបារម្ភ" ។
Article image
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមនុស្ស 15 នាក់បានស្លាប់ និង 44 នាក់បានរងរបួសក្នុងអំឡុងពេលកើតអគ្គីភ័យនៅក្នុងអគារលំនៅដ្ឋានមួយនៅក្នុងសង្កាត់ Yuhuatai ក្នុងទីក្រុង Nanking កាលពីថ្ងៃទី 23 ខែកុម្ភៈ។ ដោយបានជំរុញឱ្យមានការពិភាក្សាយ៉ាងស្វិតស្វាញក្នុងប្រទេសចិនអំពីសុវត្ថិភាពនៃម៉ូតូអគ្គិសនី។ ចាប់តាំងពីពេលនោះមក ទីក្រុងជាច្រើនរបស់ចិនបានហាមប្រាមអ្នកស្រុកមិនអោយចតម៉ូតូ ឬកង់អគ្គិសនីនៅខាងក្នុងអាគារ។ BYD មានបទពិសោធន៍ខ្លះៗជាមួយម៉ូតូអគ្គិសនី ដោយកាលខែកក្កដា ឆ្នាំ 2023 ក្រុមហ៊ុនផលិតរថយយន្តអគ្គិសនីដ៏មានសក្តានុពលមួយនេះ បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន Scorpio Electric របស់ប្រទេសសឹង្ហបុរី ដើម្បីដំឡើងម៉ូតូអគ្គិសនីដំបូងម៉ាក X1 របស់ពួកគេនៅទីក្រុង Shenzhen សម្រាប់ទីផ្សារប្រទេសចិន។
Article image
បើទោះបីជា X1 ត្រូវបានផលិតដោយ BYD ក៏ដោយ ប៉ុន្តែមិនបានបំពាក់ថ្ម LFP របស់ BYD នោះទេ ផ្ទុយទៅវិញវាបានប្រើកញ្ចប់របស់ Samsung។ ហើយនៅពេលនេះ BYD បាននឹងកំពុងពិភាក្សាជាមួយដៃគូសហការរបស់ខ្លួនក្នុងការប្រើប្រាស់ថ្មរបស់ខ្លួនសម្រាប់ផលិតផលនាពេលអនាគត នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុន Scorpio Electric នៅក្នុងកម្មវិធី Businesstimes។ លើសពីនេះទៅទៀត នៅឆ្នាំ 2022 BYD បានសហការជាមួយម៉ាកម៉ូតូអេស្ប៉ាញ Nerva ដើម្បីផ្គត់ផ្គង់ថ្ម LFP របស់ពួកគេ សម្រាប់ម៉ូតូអគ្គិសនីថ្មីរបស់ពួកគេផងដែរ។ Nerva Exe E-Scooter ត្រូវបានប្រកាសចេញកាលពីខែកុម្ភៈ ក្នុងឆ្នាំដដែល ជាមួយនឹងការបំពាក់ថ្មទំហំ 5.76 kWh LFP ហើយអាចសាកពី 0 ទៅ 80% ប្រើពេល 3.5 ម៉ោង៕
BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី