ស្វែងរកពួកយើង:

របាយការណ៌ថ្មីបញ្ជាក់ថា Samsung Unpacked ឆ្នាំនេះ នឹងរៀបចំនៅទីក្រុងប៉ារីសប្រទេសបារាំង!

ដោយ

Koun Jab Luffy

01 មីនា 2024 01:15 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ យោងតាមការចេញផ្សាយព័ត៌មានថ្មីពីសារព័ត៌មាន SamMobile បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៌ Unpacked event ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip6 និង Z Fold6 ដើមខែកក្កដាខាងមុខនេះ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បញ្ជាក់ថា ការបង្ហាញវត្តមានរបស់ ស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅដើមខែ ឬពាក់កណ្តាលខែកក្កដា ដែលលឿនជាងការប្រារព្ធព្រឹត្តិការណ៌នេះ នៅឆ្នាំមុនៗ។របាយការណ៌ខាងលើនេះ បានបន្តថា អាចនឹងធ្វើឡើងនៅថ្ងៃទី 26 កក្កដា។
នៅពេលនេះ មានដំណឹងថ្មីពីព្រឹត្តិការណ៌នេះថែមទៀតហើយ។ ប្រភពនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៌ Unpacked event របស់ក្រុមហ៊ុន Samsung អាចនឹងធ្វើឡើងនៅថ្ងៃទី 12 ខែកក្កដា ហើយក៏នឹងមានការប្តូរទៅប្រទេសបារាំងថែមទៀតផង ដោយរៀបចំឡើងនៅទីក្រុងប៉ារីស។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌ខាងលើនេះ បានអោយដឹងថា ក្រុមហ៊ុនេះ គឺមានបំណងចង់ធ្វើការប្រកាសចេញនូវផលិតផលថ្មីរបស់ខ្លួននេះ នៅមុនព្រឹត្តិការណ៌កីឡាអូឡាំពិក Paris Olympics ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែកក្កដា។ ការប្រកាសមុននេះ ក្រុមហ៊ុនមានគោលដៅផ្តោតលើទីផ្សារអឺរ៉ុបសម្រាប់ឆ្នាំនេះ។ ការធ្វើនូវយុទ្ធសាស្ត្រថ្មីនេះ គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ មានបំណងចង់ធ្វើការបំពេញនូវចំណែក ទីផ្សារថ្មី បន្ទាប់ពីការធ្លាក់ចុះនៅលើទីផ្សារចិន។
សូមជំរាបថា កាលពីឆ្នាំមុននេះ Galaxy Z Fold5 និង Z Flip5 គឺមានការប្រារព្ធកម្មវិធីថ្មីនៅលើទីផ្សារកូរ៉េខាងត្បូង បន្ទាប់ ពីបានសម្ពោធជាផ្លូវការនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ ជាមួយគ្នាបើតាមការបញ្ជាក់ចេញពីប្រភពនៃសង្វាក់ ផលិតកម្មនោះ បានអោយដឹងបន្ថែមទៀតថា ការធ្វើតេស្តចុងក្រោយទៅលើស្មាតហ្វូនថ្មីនេះ គឺនឹងបញ្ចប់នៅក្នុងខែមេសាខាង មុខនេះហើយ។ ដូច្នេះ ស្មាតហ្វូននេះ គឺនឹងអាចសម្ពោធជាផ្លូវការនៅខែកក្កដា។ ទាក់ទងនឹងព័ត៌មាននេះ គេនៅមិនទាន់មានការបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូនអេក្រង់រមូ ឬអេក្រង់បត់បានជំនាន់ថ្មីបន្ថែម ក្រៅពីម៉ូដែលថ្មីចំនួន 2 នេះនៅឡើយទេ។
របាយការណ៌ថ្មីបញ្ជាក់ថា Samsung Unpacked ឆ្នាំនេះ នឹងរៀបចំនៅទីក្រុងប៉ារីសប្រទេសបារាំង!