
OnePlus Ace 2V គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានគេបញ្ជាក់ថា មានការប្រកាសចេញនៅថ្ងៃទី 7 មីនានេះ ជាមួយនិងការបំពាក់នូវបន្ទះឈីប Dimensity 9000។ នៅថ្ងៃនេះ មានការបង្ហាញព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ យោងតាមអគ្គនាយកក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិន លោក Louis Li ក៏បានចែកចាយនូវព័ត៌មានអេក្រង់ និងអង្គចងចាំរបស់ស្មាតហ្វូននេះផងដែរ។ មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី និងមានលក្ខណៈសម្បត្តិល្អជាងមុន។
OnePlus Ace 2V នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.74 អ៊ីង គាំទ្រដោយបច្ចេកវិទ្យា 10-bit AMOLED បង្ហាញចេញជាមួយទំហំ 2772x1240 resolution ល្បឿន 120Hz refresh rate កម្រិតពន្លឺ 1,450 nits brightness។ អ្វីដែលចាប់អារម្មណ៌ខ្លាំងនោះ អេក្រង់ស្មាតហ្វូននេះ គឺមានគែមស្តើងងខ្លាំងមែនទែន។ ស្មាតហ្វូននេះ មានទម្ងន់ស្រាល ដែលផ្តល់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលកាន់ជាងជំនាន់មុនៗ។

យោងតាមការទម្លាយផ្លូវការណ៌ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8200 និងរ៉េម LPDDR5 RAM។ OnePlus Ace 2V នឹងមានការប្រើប្រាស់នូវរ៉េមល្បឿនលឿន LPDDR5X RAM និងមានជម្រើសទំហំ 12GB/256GB និង 16GB/512GB។ ជាមួយនិងសមត្ថភាពប៉ុណ្ណេះ OnePlus Ace 2V នៅមិនទាន់អាចក្លាយជាម៉ូដែលស្មាតហ្វូនថ្នាក់ប្រណិតនៅឡើយទេ នេះបើតាមការបញ្ជាក់ពីលោក Li។
