
ក្រុមហ៊ុន Redmi បានប្រកាសចេញបច្ចេកវិទ្យាសាកថ្មស្មាតហ្វូនល្បឿនលឿនបំផុតដល់ 300W ដំបូងគេក្នុងលោក បន្ទាប់ពីរយះពេល 4 ខែដែលជាក្រុមហ៊ុនដំបូងដែលបានបង្ហាញបច្ចេកវិទ្យាសាកថ្មល្បឿនលឿន កំលាំង 200W។ បើតាមការអះអាងពី Xiaomi ដែលជាក្រុមហ៊ុនមេរបស់ Redmi បានបញ្ជាក់ថា ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជំនាន់ថ្មីនេះ គឺមានសមត្ថភាពសាកបំពេញថាមពលថ្មរបស់ស្មាតហ្វូនពីចំនុច 0% ទៅពេញ 100% ចាយពេលមិនដល់ 5 នាទីឡើយ។
ក្រុមហ៊ុន Redmi បានធ្វើតេស្តបច្ចេកវិទ្យា 300W Fast Charging នេះ នៅលើស្មាតហ្វូនម៉ូដែល Redmi Note 12 Discovery ដែលកែច្នៃឡើងយ៉ាងពិសេសជាមួយថ្មទំហំ 4,100mAh (សម្រាប់ម៉ូដែលស្តង់ដារ Redmi Note 12 មានថ្មទំហំ 4,300mAh) គឺសាកត្រឹមតែ 2 នាទី និង 11 វិនាទីអាចឡើងពី 0% ដល់ 50% ហើយសាក 5 នាទី គឺពេញ 100% តែម្តង ដែលនេះ គឺពិតជាលឿនមែនទែនតែម្តង អីចឹងអ្នកប្រើលែនខ្វល់ខ្វាយរឿងស្មាតហ្វូនឆាប់អស់ថ្ម និងសាកថ្មចូលយូរដូចមុនទៀតហើយ។

ទោះជាយ៉ាងណា Redmi មិនទាន់បង្ហើបពីម៉ូដែលស្មាតហ្វូនរបស់ខ្លួនត្រកូលមួយណាដែលនឹងបំពាក់នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចផ្លេកបន្ទោល (300W Fast Charging) នេះនៅឡើយទេ ដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នាជាបន្តទៀត អាចមិនយូរទេ Xiaomi-Redmi នឹងប្រកាសចេញស្មាតហ្វូនដែលទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជំនាន់ថ្មីចុងក្រោយនេះមិនខាន៕
