Avatr Technology គឺជាម៉ាកយីហៅរថយន្តអគ្គិសនីដែលបានបង្កើតឡើងដោយក្រុមហ៊ុន Changan Automotive សហការជាមួយក្រុមហ៊ុន CATL និង Huawei។ ហើយថ្មីៗនេះ Avatr បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Sedan ម៉ូដែលថ្មីស៊េរីឆ្នាំ 2024 Avatr 12 ដែលមានតម្លៃធូរថ្លៃជាងម៉ូដែលចេញមុន។ Avatr 12 ស៊េរីឆ្នាំ 2024 បានប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ 2024 ដោយមានតម្លៃចាប់ពីខ្ទង់ $36,800 ដែលមានតម្លៃធូរថ្លៃជាងម៉ូដែល Avatr 12 ចេញមុខប្រមាណ $4,840 ដែលម៉ូដែលចេញមុនមានតម្លៃខ្ទង់ $41,600។
សម្រាប់ម៉ូដែល Avatr 12 ថ្មីនេះ មានជម្រើសចំនួន 4-trim level ដែលមានជម្រើសម៉ូដែលមានតម្លៃធូរថ្លៃចំនួនពីរប្រើប្រាស់ Single-motor ដំណើរការដោយប្រព័ន្ធ RWD (rear-wheel-drive) និងពីរម៉ូដែលទៀតប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន 2 (Dual-motor) ដំណើរការដោយប្រព័ន្ធ FWD (Four-wheel-drive)។ ហើយសម្រាប់តម្លៃ គឺចាប់ផ្តើមពីខ្ទង់ $36,760 / $41,600 / $47,132 ដល់ $55,430។ រថយន្ត Sedan ម៉ាក Avatr 12 នេះ បានប្រកាសចេញលើកដំបូងកាលពីថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023 ដោយមានពីរជម្រើស គឺជម្រើសប្រើម៉ូទ័រអគ្គិសនីមួយមានមួយម៉ូដែល និងជម្រើសប្រើម៉ូទ័រពីរមានពីរម៉ូដែល ដោយមានតម្លៃចាប់ពីខ្ទង់ $41,600 / $47,132 ដល់ $55,430។
Avatr 12 គឺជារថយន្តអគ្គិសនីប្រភេទ mid-to-large size sedan ដែលមានទំហំវិមាត្ររួមជាមួយបណ្តោយ 5,020mm X ទទឹង 1,999 mm x កម្ពស់ 1,460 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,020mm។ ទំហំវិមាត្ររបស់ Avatr 12 គឺប្រហាក់ប្រហែលគ្នានឹងរថយន្តម៉ូដែល Noi ET7 ដែរ។ Avatr 12 ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុន Huawei (Huawei Inside Solution) ដែលក្នុងនោះរួមមានប្រព័ន្ធម៉ូទ័រអគ្គិសនី Single-motor ចំនួនពីរម៉ូដែល ដោយមានម៉ូទ័រនេះអាចផលិតកំលាំងបានដល់ 230kW ជាមួយប្រព័ន្ធរមូល 370Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.7 វិនាទី។
ចំនែកម៉ូដែល Avatr 12 ដែលប្រើនូវម៉ូទ័រអគ្គិសនីចំនួន 2 (Dual-motor) ពីរម៉ូដែលទៀត គឺបានបំពាក់បន្ថែមនៅម៉ូទ័រខាងមុខមានកំលាំង 195kW មួយទៀតជាមួយប្រព័ន្ធរមូលកំលាំង 370Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.9 វិនាទីប៉ុណ្ណោះ។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ Avatr 12 បានបំពាក់កញ្ចប់អាគុយប្រភេទ Li-Ion Ternary battery packed កំលាំង 94.5kWh ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ហើយបើតាមការបញ្ជាក់ពីស្ថាប័ន CLTC របស់ប្រទេសចិនថាមពលថ្មរបស់ Avatr 12 នៅពេលសាកថាមពលមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 700km សម្រាប់ម៉ូដែលប្រើប្រាស់ Single-motor ទាំងពីរ និង 650km សម្រាប់ម៉ូដែលប្រើ Dual-motor ទាំងពីរម៉ូដែល។
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Avatr 12 មានបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDARs ដែលដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ADAS (Advanced Driver Assistance System) system, ADS 2.0 របស់ Huawei ដែលមានសមត្ថភាពក្នុងការបើកដ៏ឆ្លាតវៃក្នុងកម្រិតខ្ពស់ដោយមិនពឹងផ្នែកទៅលើផែនទីបង្ហាញផ្លូវនោះទេ ប៉ុន្តែ អាចដំណើរការបានយ៉ាងជាក់លាក់បំផុត រួមនឹងប្រព័ន្ធបើកបរទំនើបៗជាច្រើនផ្សេងទៀត។
រថយន្តអគ្គិសនី Sedan ដ៏ទំនើបនេះ មានបំពាក់នូវអេក្រង់កោងនៅលើ Dashboard ទំហំធំដល់ 35.4-inch ជាមួយអេក្រង់កម្សាន្តនៅចំកណ្តាលទំហំ 15.6-inch ដំណើរការដោយ Harmony OS4.0 របស់ Huawei រួមនឹងប្រព័ន្ធ Speaker ចំនួន 27 គ្រាប់ ក៏ដូចជាភ្លើង ambient lighting ដែលអាចប្តូរពណ៌បានរហូតដល់ទៅ 64 ពណ៌ថែមទៀតផង។ បន្ថែមពីនេះ ក៏នៅមានអេក្រង់ទំហំ 6.7-inch ចំនួនពីរផ្សេងទៀតសម្រាប់បង្ហាញកាមេរ៉ាមើលក្រោយសងខាងដែលជំនួសឲ្យការប្រើកញ្ចក់ផងដែរ៕