
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Infinix បានប្រកាសបង្ហាញនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំាលាំង 180W Thunder Charge ហើយនៅថ្ងៃនេះដែរ ក៏មានបែកធ្លាយវីដេអូដែលបង្ហាញពីស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលនឹងបំពាក់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿននេះ។
បើតាមប្រភពវីដេអូដែលបានបង្ហាញដោយបណ្តាញ AliExpress Store បានបង្ហាញថាស្មាតហ្វូនដំបូងដែលត្រូវបំពាក់បច្ចេកវិទ្យាសាកភ្លើង 180W Thunder Charge គឺជាម៉ូដែល Infinix ZERO Ultra។ ជាមួយគ្នានេះនៅក្នុងវីដេអូក៏បានបង្ហាញពីការឌីស្សាញរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ដោយ ZERO Ultra បានបំពាក់អេក្រង់កោងគែមកម្រិត 2.5D Curved Edges ជាប្រភេទបន្ទះអេក្រង់ OLED 120Hz ព្រមជាមួយការបំពាក់សែនស័រកាមេរ៉ាទំហំ 200MP ភ្ជាប់ដោយ OIS ថែមទៀតផង។

ហើយក្នុងនោះក៏បានបញ្ជាក់ពីបន្ទះឈីបផងដែរជាប្រភេទ MediaTek Dimensity 920 ដែលឈីបនេះមានភ្ជាប់នូវប្រព័ន្ធ ISP ដើម្បីជំនួយដល់ប្រព័ន្ធកាមេរ៉ាថតរូបដែលមានលទ្ធភាពគាំទ្រទំហំសែនស័រកាមេរ៉ា 20MP+20MP Dual Camera និង 108MP ហើយអាចដល់ទំហំ 200MP តាមរយះជំនួយពីប្រព័ន្ធ ISP របស់ឈីបផងដែរ។ Infinix ZERO Ultra នឹងមានរ៉េមទំហំ 8GB ជាមួយម៉េមរីទំហំ 256GB ហើយស្មាតហ្វូថ្មីនេះនឹងមានកាមេរ៉ាក្រោយបីគ្រាប់ និងកាមេរ៉ាមុខមួយគ្រាប់ជាលែនទំលុះថ្ងាសអេក្រង់។ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏នឹងមានអេក្រង់កម្រិត Full-HD+ ទំហំ 6.8 អ៊ីង, ប្រើរន្ធ USB-C, មានថ្មទំហំ 4,500mAh និងកន្លែងដាក់ស៊ីមកាតបានចំនួនពីរថែមទៀតផង៕
