
ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការបង្ហាញជាថ្មីនូវមុខងារ 2x portrait mode បន្ថែមទៅលើកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series របស់ខ្លួនតាមរយៈការអាប់ដេតទៅលើ firmware ថ្មី នេះបើតាមរបាយការណ៍ជាច្រើនចេញពីអ្នកទម្លាយ Ice Universe។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏ធ្លាប់បានលុបចោលនូវមុខងារនេះកាលពីប៉ុន្មានខែមុននេះផងដែរ ហើយក្រុមហ៊ុននេះ ក៏បានឆ្លើយតបជាមួយនឹង feedback របស់អ្នកប្រើប្រាស់ ថានឹងនាំយកត្រឡប់មកវិញថែមទៀតផង។
ក្រៅពីមុខងារ portrait mode នេះ នៅក្នុងការអាប់ដេតថ្មីទៅលើកម្មវិធី software នេះ គឺដោះស្រាយទៅលើបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹង HDR របស់ស្មាតហ្វូន Galaxy S23 Ultra ផងដែរ។ អ្នកប្រើប្រាស់ជាច្រើនក៏ធ្លាប់បានរាយការណ៍អំពីបញ្ហាជាច្រើននៃកាមេរ៉ារបស់យពួកគេនៅក្នុងពេលដែលថតនៅពន្លឺជាក់លាក់។ បញ្ហានេះ កើតឡើងនៅលើ exposure value (EV) input frames និង local tone-mapping (LTM) ហើយក្រុមហ៊ុន Samsung ក៏បានដឹងអំពីបញ្ហានេះ និងដោះស្រាយតាមរយៈការអាប់ដេតផងដែរ។

នៅក្នុងការអាប់ដេតសុវត្ថិភាពចុងក្រោយបំផុតនៅក្នុងខែឧសភាឆ្នាំ 2023 នេះ នៅលើស្មាតហ្វូន Galaxy S23 series ក៏មិនទាន់មានការដោះស្រាយទៅលើបញ្ហា HDR នេះទេ ហើយវាអាចនឹងមានការដោះស្រាយតាមរយៈការអាប់ដេតជាបន្តបន្ទាប់ទៀត។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ក៏បានអាប់ដេតទៅលើ system សម្រាប់ស្មាតហ្វូន S23 series តាមរយៈការអាប់ដេតទៅលើ Gallery app, autofocus mechanism, Super Steady On mode និង Camera Assistant ផងដែរ៕
