
Google I/O 2023 នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google មួយនេះ ដែលនឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន។ នៅក្នុងចំនោមផលិតផលជាច្រើនដែលនឹងបង្ហាញនេះក៏មានស្មាតហ្វូន Pixel 7a ដែលនឹងក្លាយជាអ្នកស្នងដំណែងទៅលើស្មាតហ្វូនជំនាន់មុននេះ Pixel 6a។ ព្រឹត្តិការណ៍នេះក៏មានការបង្ហាញនូវថេប្លេត Pixel Tablet និង Pixel Fold ផងដែរ។
បើតាមការបែកធ្លាយជាច្រើនកន្លងមក បញ្ជាក់ថា ស្មាតហ្វូន Pixel 7a នេះគឺមានតម្លៃ €509 នៅក្នុងទីផ្សារអ៊ឺរ៉ុប។ ស្មាតហ្វូន នេះ គឺមានតម្លៃខ្ពស់ជាងស្មាតហ្វូន Pixel 6a ចំនួន €50។ ប្រភពព័ត៌មានខាងលើនេះ បន្តថា ក្រុមហ៊ុន Google អាចនឹងផ្តល់នូវការចុះតម្លៃតាមរយៈការ pre-order ដល់ទៅ €99។ ហើយការ Pre-order ទៅលើស្មាតហ្វូន Pixel 7a នេះ គឺមានការថែមជូននូវ Pixel Buds A-Series ថែមទៀតផង។

ប្រភពដដែលបន្តថា រយៈពេលនៃការ pre-order ទៅលើស្មាតហ្វូន Pixel 7a នេះ គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 22 ខែឧសភាខាងមុខនេះ។ សម្រាប់ការដឹកជញ្ជូនទៅលើស្មាតហ្វូននេះ អាចនឹងនៅក្នុងសប្តាហ៍ទី 4 នៃខែឧសភានេះ។ ស្មាតហ្វូន Pixel 7a នេះក៏មានលក្ខណៈសម្បត្តិបែកធ្លាយជាច្រើនតាមការទម្លាយចេញពី PBKreviews ផងដែរ៕
